ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេបានឃើញតារាកំប្លែង និងចម្រៀង ស៊ុន ណារីម៉ូនីកាបង្ហាញវត្តមាននៅមន្ទីរពេទ្យព្រះកុសុមៈនៅមើលថែជំងឺងកូនប្រុសដែលកំពុងសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណាជំងឺកូនប្រុសរបស់អ្នកនាងគឺយូខែឆ្នាំមកហើយប៉ុន្តែអ្នកនាងព្យាយាមលាក់បាំងគ្រាដែលការចំណាយអស់ស្ទើខ្សោះខ្លួនទៅហើយ។
អ្នកនាង ស៊ុនណារី ម៉ូនីកា តារាកំប្លែងជើងចាស់ និងធ្លាប់ជាដៃគូកំប្លែងជាមួយនាយកុយបានជួបបញ្ហាក្នុងគ្រួសារដោយកូនប្រុសធ្លាក់ខ្លួនឈឺក្នុងស្ថានភាពលំបាកមើល ស្ទើរតែមិននឹកដល់។
តាមការឲ្យដឹងអ្នកនាង ស៊ុនណារី ម៉ូនីកា មិនចង់ឲ្យគេដឹងនោះទេ សុខចិត្តឱបទុក្ខយ៉ាងលំបាកនេះបើទោះជាចំណាយច្រើន ដែលពិបាកនឹងទុបទល់បាន។ ការទម្លាយនេះធ្វើឡើងក្រោយពេលដែលលោក អ៊ឹម ជីវ៉ា បង្ហាញរូបថតជាច្រើនសន្លឹកស្តីអំពីស្ថានភាពកូនប្រុសឈឺសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
កូនរបស់តារាចំរៀង និងកំប្លែង ស៊ុនណារី ម៉ូនីកា គឺលោកសុនតារាឡង់ឌីកំពុងស្ថិតនៅបន្ទាប់សង្រ្គោះបន្ទាន់ដោយសាជំងឺដំប៉ៅសួត និងទឹកនោមផ្អែមធ្ងន់ធ្ងរ។
ពេលដែលលោក ជីវ៉ា ទៅសួសុខទុក្ខដល់មន្ទីពេទ្យអ្នកនាង ស៊ុនណារី ម៉ូនីកា រមានបាននិយាយទាំងទឹកភ្នែកថាកូនរបស់អ្នកនាងមានជំងឺរ៉ាំរ៉ៃនេះជាយូឆ្នាំមកហើយ រហូតធ្វើឲ្យអ្នកនាងសម្រេចចិត្តលក់ផ្ទះអស់ពីខ្លួនដើម្បីយកមកព្យាបាលកូនរបស់អ្នកនាងតែមកដល់ពេលនេះអ្នកនាងពិតជាគ្មានលទ្ធភាពថវិកាព្យាបាលទៀតទេដោយសារមួយថ្ងៃៗត្រូវចំនាយច្រើនពេកណាមួយអ្នកនាងមិនសូវមានចំណូលពីការសម្តែងផង។
អ្នកនាង ស៊ុនណារី ម៉ូនីកានៅតែស្ទាក់ស្ទើរក្នុងការទម្លាយរឿងរ៉ាវជីវិតប្រឈមជាច្រើន ពិសេសរឿងកូនប្រុសមានជំងឺត្រូវបង់ទ្រព្យអស់ពីខ្លួនព្រោះជំងឺកូនប្រុស ។ លោកអ៊ឹម ជីវ៉ា បានលើកឡើងថា លោកបានទៅជួបនឹងបានឃើញស្ថានភាពកូនអ្នកស្រីផ្ទាល់ និងពិបាកនឹងបរិយាដែរ។ លោកថាការមិនចង់ទម្លាយព្រោះតែមិនចង់ឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថាអ្នកសិល្បៈលើកតែដៃសុំជំនួយនោះ ប៉ុន្តែពេលនេះស្ថានភាពអ្នកស្រីពិតជាលំបាកខ្លាំងដែលត្រូវការទាំងកម្លាំងចិត្ត និងប្រាក់កាស។
លោករំពឹងថា អ្នកដែលធ្លាប់រួមសុខទុក្ខជាមួយតារាកំប្លែងខាងលើ នឹងចូលរួមចែករំលែកទុក្ខលំបាកនេះផងដែរ៕ វឌ្ឍនា