ខេត្តសៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តម៉ាកស៊ីណា បានជ្រុលចង្កូតទៅបុកគោយន្តកែច្នៃដឆកឈើ យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់បុរសម្នាក់ម្នាក់ និងរបួស៣នាក់។
ឧប្បត្តិហេតុគួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ស្ថិតលើផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែងរវាង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ តាន ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ(ស្លាប់) រស់នៅភូមិព្រែធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ឯអ្នករួមដំណើរ២នាក់ ឈ្មោះ ហ៊ម ហ៊ាក ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) និងឈ្មោះ ហ៊ម ភេទប្រុស អាយុ៤៦ឆ្នាំ(របួសស្រាល) ទាំង២នាក់រស់នៅភូមិបេង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ចំណែករថយន្តម៉ាក ស៊ីណា ពណ៌ស ស្លាកលេខភ្នំពេញ 2AC-9176 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ក្រោយកើតហេតុពានចុះគេចខ្លួនបាត់ ដោយមានអ្នករួមដំណើរ៧នាក់ របួសម្នាក់ស្រាល ឈ្មោះ ឈុន អេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរស្រុកជីក្រែងបានចុះទៅដល់វាស់វែងនិង យករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បី កសាងសំណុំរឿងតាមនីតិវិធី៕ សហការី