ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដែលគំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ពីស្រ្ដីម្នាក់ធ្វើការនៅកូរ៉េហ្វេសបុកនោះប្រឈម​ជាប់​គុក​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ មន្ត្រី​តុលាការ​ ថ្លែង​ឲ្យ​ដឹង​ថា ​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេច​ចោទប្រកាន់​បុរសម្នាក់​ដែល​រួម​ភេទ​តាម​ហ្វេសប៊ុក​ និង​គំរាម​ទារ​ប្រាក់​ពី​ស្ត្រី​រងគ្រោះ​ជា​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន​ជាង​៤ម៉ឺន​ដុល្លារ​ ជា​ផ្លូវការ​ ហើយ​បច្ចុប្បន្ន​ជនត្រូវចោទ​ និង​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយសារ​ការ​អនុវត្ត​ជាក់ស្ដែង​នូវ​ការ​គំរាមកំហែង​”​ តាម​មាត្រា​៣៧៤នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ចន្លោះ​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​។

គួរ​បញ្ជាក់​ថា​ ជនល្មើសរូបនេះ ធ្លាប់ជាប់ពន្ធនាគារ១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ ដែល​ស្ត្រី​រងគ្រោះធ្លាប់បាន​រួមភេទ ជាមួយខ្លួនតាម Online ពីប្រទេសកូរ៉េ រហូតសរុបទឹកប្រាក់ដែលត្រូវខាតបង់ជាង៤ម៉ឺនដុល្លារ ភាគច្រើនបានផ្ញើតាម Wing។

បន្ទាប់ពីត្រូវបានចំណាយទឹកប្រាក់ជាង៤ម៉ឺនដុល្លារនោះ ស្ត្រី​រងគ្រោះបានអស់លទ្ធភាពរកប្រាក់ផ្ញើមកតាមការគំរាម ក៏ដាច់ចិត្តធ្វើដំណើរមកស្រុកខ្មែរ ហើយទម្លាយរឿងដ៏​ខ្មាសអៀន​នេះ ដល់ក្រុមគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់នគរបាលខេត្តកណ្តាល រហូតបំបែកដោយជោគជ័យ និងតាមចាប់ជនដៃដល់បាន នៅថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ បានរៀបរាប់ពីដំណើររឿង យ៉ាងដូច្នេះថា៖ ករណីគំរាមកំហែងកេរ្តិ៍ខាងលើនេះ បានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែទើបតែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីបើកការស្រាវជ្រាវតាមចាប់ជនល្មើស។ លុះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលជំនាញខេត្តកណ្តាល ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមចាប់ជនល្មើសបានតែម្តង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនល្មើសរូបនេះមានឈ្មោះ ផា ផាន់ណា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ហើយត្រូវបានឃាត់ខ្លួននៅចំណុច ហាងសាំង LHR ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តខេតកណ្ដាលនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ជននេះជាមុខសញ្ញាជាប់ពន្ធនាគារ (ព្រៃស) ប្រព្រឹត្តនៅភ្នំពេញ ឆ្នាំ២០០៣-២០១៤ (រយៈពេល១២ឆ្នាំ)ជាប់ពីបទប្លន់ ហើយចេញពីពន្ធនាគារត្រពាំងផ្លុង ឆ្នាំ២០១៤ លុះឆ្នាំ២០១៥ វិលមកចូលមូលដ្ឋានវិញ។ ដោយឡែកស្រ្តីរងគ្រោះមានឈ្មោះ ទ.ច.ម អាយុ៣១ឆ្នាំ មុខរបរពលការីនី នៅប្រទេសកូរ៉េខាងត្បូង។

កន្លងមកជនរងគ្រោះចេញទៅធ្វើការនៅប្រទេសកូរ៉េលើកដំបូង នៅចុងឆ្នាំ២០១៣ តែក្រោយមកបានសុំច្បាប់ត្រឡប់មកស្រុក ដើម្បីរៀបការយកប្ដី នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ហើយបានទៅប្រទេសកូរ៉េវិញ នៅខែមេសា ឆ្នាំ២០១៧។ នៅដើមខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយជនសង្ស័យឈ្មោះ ផា ផាន់ណា តាមរយៈ Facebook Messager (chat) Srey Nang និង Facebook របស់ស្រ្តីរងគ្រោះ។ សម្រាប់ជនសង្ស័យ និងប្ដីជនរងគ្រោះ ក៏មានទំនាក់ទំនងគ្នាជាមិត្តភ័ក្ត្រ តាមរយៈការមករៀនភាសាកូរ៉េ នៅខេត្តកំពង់ឆ្នាំង រហូតស្នាក់នៅផ្ទះ និងទំនាក់ទំនងស្គាល់គ្នាជាមួយក្រុមគ្រួសារជនរងគ្រោះ។

ក្នុងខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ និងជនសង្ស័យ ក៏ទំនាក់ទំនងស្គាល់គ្នាកាន់តែស៊ីជម្រៅរហូតឆាតតាម Facebook ហើយបានសុំស្រឡាញ់គ្នា ហើយបាន Live ថតបង្ហាញកេរ្តិ៍ភេទឲ្យគ្នាមើលទៅវិញទៅមកដោយសារការស្រឡាញ់គ្នា ក្នុងពេលដែលជនរងគ្រោះ កំពុងធ្វើការនៅប្រទេសកូរ៉េ។ បន្ទាប់មកជនសង្ស័យ ក៏បានចាប់ផ្តើមទារលុយពីជនរងគ្រោះ ជាបន្តបន្ទាប់ រហូតខ្ទង់ពាន់ដុល្លារ ដោយប្រើភាសាគំរាមកំហែងថា បើមិនមកឲ្យខ្លួនទេ នឹងបង្ហាញរូបភាពប្រាប់ទៅឲ្យក្រុមគ្រួសារ និងប្ដីជនរងគ្រោះដឹងឲ្យឈឺចាប់ក្អួតឈាម។

ដោយសារខ្លាចបែកធ្លាយរូបភាព និងដំណឹងដ៏ខ្មាស់អៀននេះ ជនរងគ្រោះបានសុខចិត្តវេលុយតាមរយៈ Wing និងពេលខ្លះតាមរយៈ Western Unoin ពីកូរ៉េមកខ្មែរសរុបជាង៤ម៉ឺនដុល្លារ។ ជនរងគ្រោះដោយយល់ឃើញថា ខ្លួនអស់មានលទ្ធភាព រកលុយបន្ថែមឲ្យជនសង្ស័យ ក៏បានសម្រេចធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ ហើយដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ច បន្តស្វែងរកជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖