ខេត្តតាកែវ៖ ជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងភ្នំពេញ បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាបុកពីក្រោយ ខណៈពេលដែលពួកគេបើកម៉ូតូរ៉េចង្កូកាត់គន្លងផ្លូវ ដែលហេតុការណ៍នេះកើងឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ ៤៧-៤៨ ត្រង់ចំណុចភូមិច្បាមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
អាជ្ញាធមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើទី១ឈ្មោះ អ៊ុង ផល្លី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំការដូង ឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរ នឹងជនរងគ្រោះដែលជាអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ប៉ែន ឈឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ដោយអ្នកទាំងពីជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរី ២០១២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-6268 បើកបរមកពីទិសខាងត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតបត់កាត់គន្លងផ្លូវ ក៏ត្រូបានរថយន្តមួយគ្រឿម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ សៀមរាប 2A-9374 ដែលធ្វើដំណើរស្របទិសគ្នាបុកពីក្រោយតែម្តង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅឯទីក្រុងភ្នំពេញ ចំណែករថយន្ត នឹងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុកបាទី ដើម្បីបំពេញបែបបទបន្ត ៕ ភ្នំដា