ខេត្តសៀមរាប៖ កម្មកររោងម៉ាស៊ីនកិនស្រូវម្នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ ខណៈឡើងទៅបោសស្រូវ នៅលើកញ្ច្រែងញាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។
តាមប្រភពពីប្រជាពលរដ្នបានឲ្យដឹងថា កម្មករម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈឡើងទៅបោសស្រូវ នៅលើកញ្ច្រែងញាក់ តែម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មោះ នួន ឆាង ស្ថិតក្នុង ភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវរ៉ូវជាមួយសមត្ថកិច្ច ចង់បិទបាំង ភ័ស្តុតាង ប៉ុន្តែត្រូវប្រជាពលរដ្ឋនៅជិតខាងជាអ្នកទម្លាយ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបបានថា ជនរងគ្រោះ ឈ្មោះ សែម ថង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករម៉ាស៊ីនស្រូវ រស់នៅភូមិជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យ ឃើញថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងស្លាប់នៅក្នុងម៉ាស៊ីនកិនស្រូវពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះទេ ។
មូលហេតុ: បណ្តាលមកពីសត្វកណ្ដុរកកេរដាច់ខ្សែភ្លើងនៅក្នុងកញ្ច្រែងញាក់ម៉ាស៊ីនកិនស្រូវទើបបណ្ដាលឲ្យឆក់ជនរងគ្រោះខណៈឡើងទៅបោសស្រូវ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានកម្លាំងផ្នែកបច្ចេកទេសជំនាញ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ ឃុំខាងលើ ៕ ប៊ុន រិទ្ធី