ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលា​ជាង​៤០​នាក់ ផ្ទុះ​ការតវ៉ា នៅ​មន្ទីរអប់រំ​ខេត្ត ខណៈ​នាយក​សាលា​ដក​គ្រូ​គណិតវិទ្យា​ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖ សិស្សសាលា​ជាង​៤០​នាក់ តំណាង​ឲ្យ​សិស្ស​ជាង​១០០​នាក់ មកពី​វិទ្យាល័យ​ប​វេ​ល បាននាំគ្នា​ផ្ទុះ​ការតវ៉ា នៅក្នុង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ខណៈដែល​នាយក​សាលា​ស្នើសុំ​ឲ្យ​មន្ទីរ ដក​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ម្នាក់ ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង​។​

ការតវ៉ា​នេះ បាន​កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ដែលមាន​សិស្សានុសិស្ស​ជាង​៤០​នាក់ តំណាង​ឲ្យ​សិស្ស​ជាង​១០០​នាក់ មកពី​វិទ្យាល័យ​ប​វេ​ល បាន​ចូលរួម​ប្រមូល​ផ្ដុំគ្នា ក្នុង​គោលបំណង​ទាមទារ​សុំ​មិន​ឲ្យ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​លោកគ្រូ​គណិតវិទ្យា ឈ្មោះ រ៉ាត់ សារ៉េត ព្រោះ​គាត់​មិនបាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។​

បើតាម​ការលើកឡើងរ​បស់​ក្រុម​យុវ​សិស្ស​ថ្នាក់​ទី​១២ មកពី​វិទ្យាល័យ​ប​វេ​ល​ម្នាក់ បាន​រៀបរាប់ថា លោកគ្រូ រ៉ាត់ សារ៉េត ជា​គ្រូ​ឯកទេស​ផ្នែក​គណិតវិទ្យា ថ្នាក់​ទី​១១ និង​ទី​១២ នៃ​វិទ្យាល័យ​ប​វេ​ល ហើយ​គាត់​បាន​បង្រៀន​នៅ​ទីនោះ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ និង​មាន​សិស្ស​ចំនួន​៣​ថ្នាក់ សរុប​ជិត​១៥០​នាក់ ដែល​បាន​គាំទ្រ និង​រៀនសូត្រ​ជាមួយ​គាត់​មិនគួរណា​កំហុស​បន្តិចបន្តួច លោកនាយក​សាលា​ស្នើសុំ​ឲ្យ​ខាង​មន្ទីរ​ដក​គាត់​ចេញពី​សាលា​បែបនេះ​សោះ​។​

ក្រុមសិស្ស​ទាំងនោះ បាន​លើកឡើងថា ការដក​លោកគ្រូ រ៉ាត់ សារ៉េត ចេញ​នេះ មិន​ផ្តើម​ពី​ការកាប់បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុង​សាលា​ទាំងស្រុង​នោះទេ តែ​អាចមកពី​គំនុំ​ផ្ទាល់ខ្លួន រវាង​លោកគ្រូ រ៉ាត់ សារ៉េត និង​នាយក​សាលា​តែម្តង ព្រោះ​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ មាន​ករណី​ហឹ​ង្សា​មួយ​កើតឡើង បង្កដោយ​លោកគ្រូ ហ៊ួ វុទ្ធី ជា​នាយក​សាលា បាន​យក​អំបិលម្ទេស​ញាត់​មាត់​សិស្សស្រី​ម្នាក់ ខណៈដែល​សិស្ស​ម្នាក់​នោះបាន​យក​ម្ជូរ​ទៅ​ហូប​នៅក្នុង​បន្ទប់រៀន ហើយ​កំពប់​លើ​តុ ទើប​លោកគ្រូ រ៉ាត់ សារ៉េត បានឃើញ​នូវ​ទង្វើរ​មិន​គប្បី​នៃ​ថ្នាក់ដឹកនាំ​សាលា​បែបនេះ ក៏បាន​ប៉ះពាល់​ពាក្យសម្ដី​គ្នា​។

លោក ហ៊ួ វុទ្ធី ជា​នាយក​សាលា​វិទ្យាល័យ​ប​វេ​ល បាន​លើកឡើងថា មូលហេតុ​ដែល​លោក​ស្នើ​ឲ្យ​ខាង​មន្ទីរ​ដក​លោកគ្រូ រ៉ាត់ សារ៉េត ចេញពី​សាលា ដោយសារ​មូលហេតុ​ច្រើន​ព្រោះ​លោកគ្រូ រ៉ាត់ សារ៉េត និង​លោកគ្រូ​ម្នាក់ទៀត​ឈ្មោះ នាង ចំណាប់ ឯកទេស​ខាង​សីលធម៌ និង​ពលរដ្ឋ​មួយចំនួន បាន​ផឹកស្រា​ស្រវឹង បាន​កាប់​ដើមឈើ និង​វាយកម្ទេច​សម្ភារៈ​ក្នុង​សាលា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគាត់ មិនដែល​ចូលប្រជុំ និង​ពេល​ឈប់​ម្ដងៗ មិនដែល​សុំច្បាប់ ផងដែរ នេះ​ជាការ​អនុគ្រោះ ដល់​គាត់​ហើយ ដែល​ខាង​សាលា​បាន​ត្រឹម​ស្នើ​ផ្លាស់ប្តូរ​គាត់​ទៅធ្វើ​ការ​នៅ​ការិយាល័យ​ស្រុក​វិញ មិន​ដល់​ថ្នាក់​ព្យួរការងារ ឬ​បញ្ជូនទៅ​តុលាការ​នោះ គឺ​គ្រាន់តែ​ធ្វើតាម​នីតិវិធី​វិន័យ​របស់​វិស័យ​អប់រំ​តែប៉ុណ្ណោះ​។​

ជុំវិញករណីនេះ ​លោក ងី សែត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ទោស​របស់​លោកគ្រូ រ៉ាត់ សារ៉េត ការផឹកស៊ី​កាប់បំផ្លាញ​របស់​សាលា ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ​ជា​ទោស​ធ្ងន់ធ្ងរ តែដោយសា​គាត់​ជា​គ្រូ​ល្អ ទើប​ខាង​មន្ទីរ​គ្រាន់​តែមាន​វិធានការ​ស្រាល​បំផុត ដែល​គ្រាន់តែ​ដក​គាត់​ដាក់​ទៅធ្វើ​ការ​នៅក្នុង​ការិយាល័យ​អប់រំ​ស្រុក តែបើ​ទុក​គាត់ និង​មាន​គ្រូ​ដ៏ទៃទៀត​យក​បំណាំ​តាម តែ​បើសិនណា​គាត់​កែខ្លួន​អោយ​ល្អ​ឡើងវិញ និង​ត្រូវ​រូ​វ​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​លោកនាយក​សាលា​វិញ គាត់​អាច​ផ្លាស់ប្ដូរ​ចូលទៅ​បង្រៀន នៅក្នុង​សាលា​នោះ​វិញ​បាន​៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖