ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបស្ពាយពីប្តីប្រពន្ធមិនបានសម្រេចសមត្ថកិច្ចឃាត់ខ្លួនជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសស្ត្រីពីរនាក់ប្តីប្រពន្ធមិនបានសម្រេច ហើយត្រូវជនរងគ្រោះជិះម៉ូតូដេញតាមហើយស្រែកថា ចោរៗផ្អើលដល់សមត្ថកិច្ចនិងសន្តិសុខយាមនៅហ្គ្រេននភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវភ្លោះចូលហ្គ្រេនភ្នំពេញ ស្ថិតក្នុងក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះគឺទី១ឈ្មោះ រម្យ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចំពុះក្អែក ឃុំព្រែកថ្មី ស្រុកគៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន)។ ទី២ឈ្មោះ សុិន សុផល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញមុខរបរបើករថយន្ត (ឃាត់ខ្លួនមានសារធាតុញៀន ) ។

អ្នកទាំងពីរធ្វើសកម្មភាពដោយជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FY.៦៧១៨ ។

ចំណែកជនរងគ្រោះឈ្មោះទឹង សំផុស្ស ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ភូមិព្រៃពង្រ សង្កាត់ពញាពន្ធ ខណ្ឌព្រែកព្នៅ មុខរបរ ទិញនិងលក់ដី ។ រីឯប្រពន្ធរបស់គាត់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

សមត្ថកិច្ចឲ្យដឹងទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះ ពីរអ្នកប្តី ប្រពន្ធ ធ្វើដំណើរចេញពីម្ដុំទូលគោក ទៅផ្ទះនៅចំណុចនៅភូមិព្រៃពង្រសង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុ ខាងលើក៏មានជនសង្ស័យជិះម៉ូតូតាមពីក្រោយធ្វើសកម្មភាពឆក់តែម្តង ប៉ុន្តែត្រូវបានប្រពន្ធរបស់ជនរងគ្រោះអោបកាបូបជាប់ ហើយស្រែកចោរៗ ដេញតាម ត្រូវបានកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ ដែលបានល្បាតនៅក្បែរនោះសហការណ៍រួមទាំងសន្តិសុខយាមនៅហ្គ្រេនភ្នំពេញស្ទាក់ចាប់បានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី ៕ អរុណរៈ


ចែករំលែក៖