ភ្នំពេញ ៖ កម្មករ កម្មការនីរោងចក្រអុី ហ្វា បាននាំគ្នាតវ៉ា បន្ទាប់ពីឃើញមានរថយន្តដឹកឥវ៉ាន់ចេញពីរោងចក្រ ដោយពុំទាន់បានបើកលុយ បង្កការភ្ញាក់ផ្អើលកាលវេលា ម៉ោង៧យប់ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមសម្តីកម្មការិនីម្នាក់បានឲ្យដឹងថា មុនដំបូង គាត់ឃើញចិនដឹកសម្ភារចេញពីរោងចក្រ ដោយខ្លាចចិនបិទរោងចក្រមិនបើកប្រាក់ខែឲ្យ ក៏នាំគ្នាធ្វើកូដកម្មអហិង្សា មិនឲ្យចិនដឹកសម្ភារចេញតទៀត ខណៈនោះ ក៏មានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ យកឡានមកបិទមុខរោងចក្រ រួមទាំងកម្មករ កម្មការិនី ដេកយាមទល់ភ្លឺ ដើម្បីរង់ចាំការដោះស្រាយពីថៅកែ។
កម្មការិនីនោះបានបន្តទៀតថា ចំនួនកម្មករកម្មការិនី ៧០០នាក់ជាង មិនទាន់បើកប្រាក់ខែនៅឡើយ។ ពួកគាត់ ចង់បានតែប្រាក់ខែ ដើម្បីយកមកឲ្យថ្លៃផ្ទះជួល ទឹកភ្លើង និងផ្ញើទៅផ្ទះមួយចំនួន ដើម្បីសងបំណុលគេ ។ តែដល់ពេល នេះមានការភ័យខ្លាចចិន រត់ចោលក៏ពួកគាត់នាំគ្នាធ្វើកូដកម្ម នេះឡើង។
បើតាមសម្តីប្រធានសន្តិសុខ និងសមត្ថកិច្ចបានឲ្យដឹងថា រង់ចាំថ្ងៃស្អែកដោះស្រាយគ្នា។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងយាមទល់ភ្លឺមិនឲ្យចិន ដឹកសម្ភារចេញ រង់ចាំដោះស្រាយគ្នាសិន៕ សុខាសែនជ័យ