ខេត្តក្រចេះ៖ រោងដាក់ឈើរបស់ពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង ដោយសារភ្លើងឆេះព្រៃបង្កឲ្យមានការភ្ញាក់ផ្អើលមួយស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
មន្ត្រីនគរបាលស្រុកស្នួលបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះបានកេីតឡើងអស់រយះពេលជាច្រើនម៉ោងទេីបរលត់។ ខណៈភ្លើងកំពុងឆេះ មានមន្ត្រីជំនាញបាញ់ទឹកពន្លត់អស់ជាច្រើនឡាន ទើបរលត់ទាំងស្រុងទៅវិញ។
រោងឈើរងអគ្គិភយ័ឆាបឆេះនោះមានទំហំ៥ម៉ែត្រគុណ១២ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី ជញ្ជាំងក្តារផ្ទាល់ដី និងធុងបាញ់ថ្នាំចំនួន៣ ម៉ាស៊ីនទូក៨សេះចំនួនមួយគ្រឿង ឈើសម្រាប់ធ្វើផ្ទះចំនួនជាង៥ម៉ែត្រគុប ទុយយូទឹកមួយចំនួន និងផ្ទាំងសឡាប្រើថាមពលព្រះអាទិត្យមួយគ្រឿង ។
ម្ចាស់រោងដាក់ឈើត្រូភ្លើងឆេះឈ្មោះលី ចាន់ថា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ។
ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនេះមានការបញ្ជាពីលោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល ហើយក៏មានវត្តមានលោកអធិការរងនគរបាលស្រុកស្នួលចុះដល់កន្លែងកើតហេតុ ដឹកនាំកម្លាំងជួយក្នុងការពន្កត់រារាំង មិនឲ្យភ្លើងឆេះរាលដាលទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋផ្សេងទៀត។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននីមួយៗ ត្រូវប្រុងប្រយ័ត្នភ្លើងផ្សែង(ដូចជាធូបទៀនជាដើម) ជាពិសេសខ្សែចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះសម្បែង ពីព្រោះរដូវនេះជារដូវប្រាំងធ្លាក់ខ្យល់ផង ហើយមានអាកាសធាតុក្តៅខ្លាំងផង ជាពិសេសភ្លើងឆេះព្រៃតែម្ដង ៕ ជីវន្ត