ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​រថយន្តក្រុង​៤​គ្រឿងក្រោយ​រកឃើញ​ដឹកទំនិញ​គេចពន្ធ និង​សាច់ជ្រូក ប្រហិត នាំចូល​ពី​ថៃដោយ​ខុសច្បាប់

ចែករំលែក៖

ខេត្ត​​បន្ទាយមានជ័យ​៖ ក្រោយ​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង បន្ទាប់ពី​រកឃើញថា លួច​ដឹកទំនិញ​គេចពន្ធ និង​សាច់ជ្រូក ប្រហិត ដែល​នាំចូល​ពី​ថៃ​ដោយ​ខុសច្បាប់​ កាលពី​ម៉ោង​១០​យប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​ផ្សារ​អូរ​អំបិល ស្ថិតក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមបញ្ជាក់ថា ក្រោយពេល​ក្រុម​គណៈកម្មការ​ត្រួតពិនិត្យ​រថយន្ត ដែលមាន​ទាំង​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី​លោក តេង សម័យ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានធ្វើការ​ត្រួតពិនិត្យ​រួចមក ឃើញ​មាន​៖ រថយន្តក្រុង​ក្រុមហ៊ុន ហ៊ា​តុង ចំនួន​១​គ្រឿង ដឹក​ប្រហិត​សាច់មាន់​ចំនួន ២០​កា​រ៉ុង​, ប្រហិត​សាច់​ត្រី​ចំនួន ៧០​កេះ​, ស្ករ​ធុង (​ស្ករ​ក្លុយកូស​)​ចំនួន ៨០​ធុង​, ពោះវៀន​ជ្រូក​ចំនួន ៣​កេះ និង​កាបូប​ចំនួន ៥​កា​រ៉ុង​។ រថយន្តក្រុង​ក្រុង​ហ៊ុន LTC ចំនួន​១​គ្រឿង ដឹក​សា​រ៉ុង​ចំនួន ៥៥​កា​រ៉ុង​, សាប៊ូ​ចំនួន ១៣​កេះ​, មុង​ចំនួន ២២​ដុំ​, កន្សែង​ចំនួន ១៧​ដុំ​, អំបោស​ចំនួន ២​ដុំ​, កម្រាល​ចំនួន ៤​កេះ និង​ទឹក​ក្រអូប​ចំនួន​៤​កេះ​។

រថយន្តក្រុង​ក្រុង​ហ៊ុន អាស៊ី​បូ​ពា​រ៍ៈ ចំនួន​២​គ្រឿង ដឹក​គ្រឿងផ្សំ​ផលិត​ឡេ​រលាប​ស្បែក ចំនួន ៧​កេះ​, ខោអាវ​ចំនួន ៣៣​កា​រ៉ុង​, ឈើ​ប្រវែង​២​ម៉ែត​ចំនួន ៦​សន្លឹក​, កម្រាល​អាវ​ម៉ូតូ​ចំនួន ១​ដុំ​, ត្រី​សាល​ម៉ុ​ន និង​ពងត្រី​ចំនួន ១​កេះ​, ត្រី​ក្រឹម​ចំនួន ៣​កេះ​, គ្រឿង​កាឡៃ​ចំនួន ៣​កេះ និង​នំ​ចំនួន​៣​កេះ​, ​រថយន្តក្រុង​ទាំង​៤​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​ ៕ សំ វិច្ឆិកា


ចែករំលែក៖