ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខឃាត់រថយន្តតាក់ស៊ី២៩គ្រឿងឈប់ចាប់ម៉ូយអនាធិបតេយ្យតាមផ្លូវសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តតាក់ស៊ី ចំនួន២៩គ្រឿង ដែលឈប់ចាប់ម៉ូយយ៉ាងអនាធិបតេយ្យ និងបង្កការកក់ស្ទះ តាមផ្លូវសហព័ន្ធរុស្ស៊ី ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះប្រតិបត្តិការចាប់ឃាត់យកមកសាលាខណ្ឌសែនសុខ ដើម្បីអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យឈប់ចតចាប់ម៉ូយរញ៉េរញ៉ៃ តាមមហាវិថីសហព័ន្ធរុស្ស៊ី បង្កភាពបាត់បង់សណ្តាប់ធ្នាប់លើផ្លូវសាធារណៈទៀតឡើយ ។

យោងតាមមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ បានឲ្យដឹងថា រយះពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌសែនសុខ បានចាប់ឃាត់រថយន្ត តាក់ស៊ី ប្រមាណ ២៩គ្រឿង ដែល ឈប់ចតចាប់ម៉ូយរញ៉េរញ៉ៃ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ នៅតាមមហាវិថី សហព័ន្ធរុស្ស៊ី នៃមូលដ្ឋានខណ្ឌសែនសុខ ។

មន្ត្រីដដែលបន្តទៀតថា ការចាប់ឃាត់រថយន្តតាក់ស៊ី ដែលបង្កភាព អនាធិបតេយ្យ បណ្តាលឲ្យមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន២៩គ្រឿងនេះ គឺដោយអនុវត្តតាមសេចក្តីណែនាំរបស់ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នាពេលកន្លងទៅថ្មីៗនេះ ។

រថយន្តទាំងអស់ ត្រូវបាននាំយកទៅរក្សា ទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ និងធ្វើកំណត់ហេតុណែនាំ ដល់ម្ចាស់រថយន្ត ឬ អ្នកបើកបរ ឲ្យបញ្ឈប់នូវការឈប់ចាប់ភ្ញៀវ នៅតាមមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីដ៍សំខាន់ សម្រាប់គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ។ ដោយឡែករថយន្តទាំង ២៩គ្រឿងនេះ ត្រូវបានឃាត់ទុករយះពេល ៣ថ្ងៃ ទើបធ្វើកិច្ចសន្យា អប់រំ រួចអនុញ្ញាតិអោយត្រឡប់ ទៅវិញ ដោយមិនមានការបង់ផាក ពិន័យអ្វីនោះឡើយ ។ ប៉ុន្តែការ ឃាត់ទុកយះពេល ៣ថ្ងៃ នេះ ហើយអនុញ្ញាតឲ្យត្រឡប់ទៅវិញនោះ គឺចំពោះតែរថយន្តតាក់ស៊ីណា ដែលមិនដែលមានកិច្ចសន្យាប៉ុណ្ណោះ ដោយឡែកសម្រាប់រថយន្តតាក់ស៊ីណា ដែលធ្លាប់មានកិច្ចសន្យា ត្រូវអនុវត្តន៍តាមវិធានការរដ្ឋបាលបន្តទៀត ដោយឃាត់ទុករថយន្តនៅសាលាខណ្ឌដដែល ។ ដោយឡែករថយន្តទាំង ២៩គ្រឿងនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ចំនួន ១៧គ្រឿង ចំណែក ១២គ្រឿងទៀត ត្រូវឃាត់ទុកនៅសាលាខណ្ឌដដែល ដើម្បីបន្តនីតិវិធី ។

ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នករត់តាក់សុីទាំងអស់ សូមចូលបេនរថយន្តសម្រាប់ចតឲ្យបានត្រឹមត្រូវ ចៀសវាងការឈប់ចាប់ដាក់ម៉ូយតាមមហាវិថីនានា ដែលអាជ្ញាធរបានហាមឃាត់ ជាពិសេសនៅតាមមហាសហព័ន្ធរុស្ស៊ីនេះផ្ទាល់តែម្តង ដោយសារតែមហាវិថីមួយនេះ គឺមាន គណៈប្រតិភូជាតិ និងភ្ញៀវអន្តរជាតិធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃផងដែរ ៕ ស តារា


ចែករំលែក៖