ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហកាជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងសៀមរាបបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងចាត់ចែង សារធាតុញៀន ឈានដល់ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ និង វត្ថុតាង រួចយកមកសួរនាំនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការបន្ត ទៅតាមផ្លូវច្បាប់។
ហេតុការណ៍ឃាត់ខ្លួន ធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ក្នុងថ្ងៃតែមួយ នៅក្នុងបន្ទប់ជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម និង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពពីកម្លាំងជំនាញគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់ មាន៖ ទី១/ឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរគ្មាន ទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ )(មានសារធាតុញៀនក្នុងខ្លួន) ទី២/ឈ្មោះ ក ទៀត រ៉ហាន់នី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មានទីលំនៅស្នាក់នៅ បន្ទប់ជួលភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (សមគំនិតរក្សាទុកនិងជួញដូរ )(មានសារធាតុញៀនក្នុងខ្លួន) និង ទី៣/ឈ្មោះ ស៊ុត សុជា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិជន្លង់ សង្កាត់ សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុកនិងចាត់ចែង )(មានសារធាតុញៀនក្នុងខ្លួន)។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន២កញ្ចប់ស្មើនឹង៣,៤១ក្រាម (ទំងន់សុទ្ធ)ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង៣នាក់ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី