ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនទៅតុលាការស្រ្តីម្នាក់ជំនាញខាងទម្លាក់សំណរដូរយកមាស

ចែករំលែក៖

ខេត្តសៀមរាប៖ ចាប់ខ្លួនស្រ្តីម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជំនាញខាងដើរទម្លាក់កញ្ចប់សំណរ ប្តូរយកគ្រឿងអលង្កា មាស និង ប្លាទីន ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប ហើយនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីស្រ្ដីនេះបានធ្វើសកម្មភាពទំលាក់សំណរនោះបានធ្វើឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងលក់បន្លែ ក្នុងផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភពពីមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមបានប្រាប់នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ថា ជនសង្ស័យ ម្នាក់ ក្នុងចំណោម៣នាក់ មាន ឈ្មោះ ឡាត់ ស្រីរើន ហៅ ម៉ាប់ ភេទស្រីអាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្នភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃជួលបន្ទប់ស្នាក់នៅបណ្តោះអាសន្ន ក្នុងក្រុងសៀមរាប ដើម្បីធ្វើសកម្មភាព។ រីឯបក្ខពួកពីរនាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីបែកការ ក្រោយពេលនាំជនរងគ្រោះបំរ៉ុងទៅដោះខ្សែក។ចំណែកជនរងគ្រោះមានឈ្មោះ សៅ វិនហេង ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិវាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខណកំពុងទិញបន្លែនៅផ្សារលើធំថ្មី ។

ប្រភពបានបន្តថា ដំណើររឿងដំបូងនាព្រឹកថ្ងៃទី៦ខែមករា ត្រង់ចំណុចលក់បន្លែក្នុងផ្សារលើធំថ្មី ក្នុងពេលជនរងគ្រោះកំពុងទិញបន្លែ ក៏ស្រាប់តែលេចមុខ ជនសង្ស័យខាងលើ បានទម្លាក់កញ្ចប់សំណរ ឲ្យជនរងគ្រោះរើស ។ ខណៈនោះជនសង្ស័យបានទះស្មារ ហើយហៅជនរងគ្រោះឲ្យឡើងជិះម៉ូតូទៅកន្លែងផ្សេង ដោយមានបក្ខពួករបស់គេពីរនាក់ទៀត កំពុងរង់ចាំក្នុងគោល បំណងដោះដូរកញ្ចប់សំណរ ជាមួយខ្សែកនិងខ្សែដៃរបស់ជនរងគ្រោះ ។ ព្រោះជនសង្ស័យអះអាងថា កញ្ចប់ដែលរើសបានទាំងអស់គ្នានោះជាកញ្ចប់មាស ចឹង ចែកគ្នាកុំឲ្យមានគេឃើញត្រូវទៅរកកន្លែងផ្សេង។

ប្រភពបានបន្ថែមថា ជាមួយនឹងសកម្មភាពខាងលើនោះដែរ ក៏ត្រូវបានបុរស ជាអ្នករត់ម៉ូតូឌុបម្នាក់ នៅក្បែរ នោះ ឃើញទាន់ ខណជនរងគ្រោះ កំពុងរៀបជិះម៉ូតូ ទៅជាមួយជនសង្ស័យ ទើបគាត់ ហៅឲ្យចុះពីលើម៉ូតូជនសង្ស័យ ហើយក៏ទៅចាប់ខ្លួនស្ត្រីជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជនសង្ស័យឆ្លើយសារភាពថា រូបគេ ពិតជាទំលាក់សំណរ បំរ៉ុងដូរយកមាស និង ផ្លាកទីន ពីជនរងគ្រោះពិតប្រាកដមែន ព្រមទាំងមាន បក្ខពួករបស់ខ្លួន ចំនួនពីរនាក់ទៀត ដើម្បីជួយ នោះមាន ឈ្មោះ រ៉ា ភេទស្រី និង ម្នាក់ទៀតឈ្មោះថន ភេទប្រុស ពួកគេរស់នៅក្រុងភ្នំពេញ។

មុនកើតហេតុ ពួកគេបានយកលុយក្លែងក្លាយ៧០០ដុល្លារ និងសំណរ១កញ្ចប់ដាក់ក្នុងកាបូប ទម្លាក់ឲ្យជនរងគ្រោះរើស ដោយរូបគេប្រាប់ថា ទៅចែកគ្នានៅកន្លែងផ្សេង ហើយម្នាក់ៗទទួលបាន១០០០ដុល្លារ ។ តែទើបឡើងជិះម៉ូតូ ក៏ត្រូវបុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប ចាប់ជាប់ ហើយប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។ក្រោយឃាត់ខ្លួនបាន ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ដកហូតបានវត្ថុតាងពីខ្លួនជនសង្ស័យមាន៖-ក្រដាសលុយ១០០ដុល្លា(ក្លែងក្លាយ)ចំនួន០៧សន្លឹក-ដុំសំណរមានពណ៍ដូចមាស ចំនួន៣ដុំតូចៗ -ថង់ពណ៌ក្រហមចំនួន១ -កាបូបចំនួន០១។

បច្ចុប្បន្ន ស្ត្រី ជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូនបន្តទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់ ដែលត្រូវចោទពីបទ ឆបោកមានស្ថានទម្ងន់ទោស ៕ ប៊ុនរិទ្ធី


ចែករំលែក៖