សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាលោក អ៊ុំ វ៉ាន់សុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គឺជាមេខ្លោងធំបំផុតក្នុងការឃុបឃិតបើកដៃឲ្យមានបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុំ វ៉ាន់សុភក្រ ទេនោះគឺគ្មានឈ្មួញណាអាចដឹកឈើចេញពីខេត្តមណ្ឌលគិរី បានឡើយ។ ដូច្នេះលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៅក្រសួងកសិកម្ម មិនគួរមើលរំលងអំពើពុករលួយនិងភាពអសកម្មរបស់លោក អ៊ុំ វ៉ាន់សុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី នោះទេ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក អ៊ុំ វ៉ាន់សុភក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួលតាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅក្រៅប្រទេសយ៉ាងពេញបន្ទុក។ ប៉ុន្តែពេលមានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តម្តងៗលោក អ៊ុំ វ៉ាន់សុភក្រ តែងតែឆ្លើយដោះសាយករួចខ្លួនយ៉ាងក្រអឺតក្រទមគ្មានសេចក្ដីអៀនខ្មាសអ្វីទាំងអស់ដោយអះអាងថា បទល្មើសមិនកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ។ ជាងនេះទៅទៀតលោក អ៊ុំ វ៉ាន់សុភក្រ តែងខំប្រឹងបិទបាំងបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី បើទោះបីបច្ចុប្បន្នបទល្មើសកំពុងកើតឡើងយ៉ាងរាលដាលក៏ដោយ។
តាមការបង្ហើបពីមន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា គ្រប់ឈ្មួញទាំងធំៗទាំងតូចដែលដឹកជញ្ជូនឈើពីខេត្តមណ្ឌលគិរី ចេញទៅប្រទេសវៀតណាម គឺសុទ្ធតែត្រូវបង់លុយឲ្យលោក អ៊ុំ វ៉ាន់សុភក្រ តាមការកំណត់មិនអាចរំលងបានឡើយ។ អាចនិយាយបានថាលោក អ៊ុំ វ៉ាន់សុភក្រ គឺជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេក្នុងខេត្តមណ្ឌលគិរី ព្រោះបទល្មើសដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា គឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក អ៊ុំ វ៉ាន់សុភក្រ យ៉ាងសុខស្រួល។ ជាក់ស្ដែងថ្មីៗនេះឈ្មួញជាច្រើននាក់កំពុងសម្រុកដឹកជញ្ជូនឈើពីស្រុកកោះញែក ចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ស្រុកអូររាំង និងច្រកណាំលៀហៅប៉ុស្ដិ៍៧ យ៉ាងពេញបន្ទុក ហើយមិនឃើញលោក អ៊ុំ វ៉ាន់សុភក្រ ចាត់វិធានការទប់ស្កាត់ទាល់តែសោះ។
ដោយសារលោក អ៊ុំ វ៉ាន់សុភក្រ ជាមេខ្លោងនៅពីក្រោយបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បែបនេះហើយទើបបច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា កំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ ៕