ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀងចាប់រថយន្តតទ្រុងខុសបច្ចេកទេស៨គ្រឿងកាត់ចោលនៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានបើកប្រតិបត្តិការចាប់ឃាត់រថយន្ត តទ្រុងខុសបច្ចេកទេស នៅលើផ្លូវជាតិលេខ១ក្នុងភូមិចំបក់សង្កាត់ចេកក្រុងស្វាយរៀង ចាប់តាំងពីវេលាយប់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ម៉ោង១០នាទីព្រឹក ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បានចំនួន៨គ្រឿង និងបានកាត់ចោលនៅកន្លែងឃាត់នោះតែម្តង ។

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០នាទី មកដល់ម៉ោង១០ព្រឹកនាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មការក្រុមការងារត្រួតពិតនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បានឃាត់រថយន្តខុសបច្ចេកទេសចំនួ៨គ្រឿង និងបានកំពុងកាត់ចោលនៅនឹងកន្លែងតែម្ដង ដែលស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។

ប្រភពបន្តថា ហើយរហូតមកដល់ពេលនេះ លើកំណាត់ផ្លូវជាតិលេខ១ក្នុងទឹកដីខេត្តស្វាយរៀង ឲ្យតែមានរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស គឺក្រុមការងារ នឹងបន្តអនុវត្តចាប់ឃាត់ និងកាត់ទ្រុងនៅ នឹងកន្លែងដោយមិនមានការលើកលែងតាមអនុសាសន៍របស់សម្ដេចផងដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបាន ចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត ។ ប្រសិនបើប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម៕ យឹម សុថាន


ចែករំលែក៖