ភ្នំពេញ៖ បុរស២នាក់បានរងរបួសបាក់ជើងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តហាយឡែនឌ័រមួយគ្រឿង បើកបុកចំពីចហៀងពេញទំហឹង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៤៨០ កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកស្មាស់ វីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ 4927 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨០ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួននោះក៏មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AO 0707 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតជាង៣០ម៉ែត្រ ចំណែកអ្នកជិះរងរបួសបាក់ជើងឆ្វេងទាំង២នាក់តែម្តង ។
សាក្សីដដែលបានបន្តថា ភ្លាមនោះ រថយន្តបង្កមិនព្រមឈប់នោះទេ ហើយបានបើករត់គេចខ្លួនបាត់ដោយបន្សល់ទុកកាងខាងមុខនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចបានចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនរង់ចាំស្រាវជ្រាវរករថយន្តតាមរយះស្លាកលេខមកដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ