ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1V5882 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបោកក្បាលផ្ទប់នឹងទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូខ្ទាតចំងាយជាង៤០ម៉ែត្រ ។

ភ្លាមនោះរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ស្លាប់ពេលកំពុងសង្គ្រោះ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកមកទីតាំងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យរួចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំបងប្អូនយកឯកសារមកទទួលវិញ៕ សុខាសែនជ័យ


ចែករំលែក៖