ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវជនសង្ស័យមួយក្រុមឆក់កាបូបមិនបានសម្រេចដួលបោកនឹងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូជូនមិត្តភក្តិទៅផ្ទះ រួចជិះត្រឡប់មកផ្ទះវិញ ត្រូវបានជនសង្សយ័ពីរនាក់ជិះមួយគ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច ដួលបោកនឹងថ្នល់រងរបួសបែកមុខ បែកមាត់យ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ ខាងកើតប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣ ប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ នួន​ កញ្ជនី ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលមួយកន្លែងក្បែរផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ស្ត្រីម្នាក់ជាមិត្តភក្តិជនរងគ្រោះឲ្យដឹងថា មុនកើតហេតុរូបគាត់និងជនរងគ្រោះជិះម៉ូតូមួយគ្រឿងមកស្តារការងារក្នុងមន្ទីរពេទ្យរុស្សី ដល់ពេលចប់ម៉ោងការងារ ក៏បានជិះម៉ូតូឌុបរូបគាត់ជូនមកផ្ទះនៅម្តុំសាលារៀនវ៉ាន់ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន ។ ក្រោយពីជូនរូបគាត់មកដល់ផ្ទះរួចជនរងគ្រោះបានបន្តដំណើរតែម្នាក់មកផ្ទះវិញ ។

ជនរងគ្រោះបានប្រាប់ថា រូបគាត់បានជិះម៉ូតូជូនមិត្តភក្តិដល់ផ្ទះរួចរាល់ហើយរូបគាត់បានបន្តដំណើរទៅផ្ទះខ្នួនឯង ដោយជិះម៉ូតូម៉ាកហុងដា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ស្វាយរៀង 1B-7628 ជិះទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្សយ័ពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកពីក្រោយស្របទិសដៅគ្នា បានធ្វើសក្មមភាពឆក់កាបូប ដែលរូបគាត់ស្ពាយចំហៀងនៅខាងមុខមិនបានសម្រេច បណ្តាលឲ្យដួលបោកនឹងថ្នល់បណ្តាលឲ្យរងរបួស បែកមុខបែកមាត់ ហើយជនសង្សយ័ឃើញសភាពមិនស្រួលបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួមនិងដាច់ញាតិជនងគ្រោះផងដែរ ក្រោយមកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះដោយខ្លួនឯង ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញហើយជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖