ភ្នំពេញ៖ លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បើកសវនាការរឿងក្តីនេះនិងប្រកាសសាលក្រមភ្លាមតែម្ដង ដោយពុំបង្អង់ឡើយ។
ខ្លឹមសារនៃសាលក្រមគឺសម្រេចផ្តន្ទាទោសជនជាប់ចោទ ចន វីរៈ ដាក់ពន្ធនាគារមួយឆ្នាំ តែទោសនេះត្រូវព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទ”មនុស្សឃាតដោយអចេតនា”តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ទៅលើលោកអនុសេនីយ៍ត្រី ចន វីរៈ ប៉ូលិសផ្នែកអន្តរាគមន៍នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលផ្ទុះអាវុធបណ្តាលឱ្យមនុស្សស្លូតត្រង់ម្នាក់ស្លាប់ ក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ នោះ ឥឡូវនេះ មានសេរីភាពឡើងវិញហើយ ។
មន្ត្រីតុលាការ ពន្យល់ថា ក្នុងករណីដែលជនជាប់ចោទចន វីរៈ គ្មានជាប់បទល្មើសផ្សេងទៀតទេ ជននេះនឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ឃុំត្រឹម២០ថ្ងៃប៉ុណ្ណោះ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំង និងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយកន្លែង នៅក្រោយផ្សារកាណាសុីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ។
កិច្ចបង្ក្រាបនោះសមត្តកិច្ចបានផ្ទុះអាវុធ ឡើងលើជាច្រើនគ្រាប់ បណ្តាលឱ្យត្រូវបុរសម្នាក់កំពុងឈរពីលើផ្ទះ មើលគេ លេងល្បែងបញ្ជល់មាន់ ស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ៕ ចេស្តា