ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃរនាមមួយ ដោយមានស្នាមកអារក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ឪពុកបង្កើតស្រ្តីរងគ្រោះបានឲ្យសមត្ថកិច្ចឲ្យដឹងថា កូនស្រីគាត់មានឈ្មោះ ហ៊ន ណាវី អាយុ២០ឆ្នាំ នាងបានរៀបការជាមួយបុរសម្នាក់ឈ្មោះ ជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ក្នុងឆ្នាំកន្លងទៅហើយបានកូនមួយនៅក្នុងពេលនេះ មានអាយុ៦ខែហើយ ។
ឳពុកបង្កើត ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា កាលពីមួយសប្តាហ៍មុន កូនប្រសារគាត់ឈ្មោះ ជា ធីម៉ារ៉ាត់ បានទាស់សំដីជាមួយគាត់ ហើយក៏រត់ទៅផ្ទះគេនៅភូមិព្រៃគ្រីបាត់ទៅ ។
នៅថ្ងៃកើតហេតុ ម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ កូនស្រីគាត់បានទុកកូនតូច៦ខែ ឲ្យក្មួយមើល ដោយប្រាប់ថា ទៅផ្ទះយាយមួយភ្លែត ហើយក៏ជិះម៉ូតូទៅផ្ទះយាយ ដែលមានចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះគាត់ ពេលទៅដល់ផ្ទះយាយ កូនស្រីគាត់ ក៏បានផ្ញើម៉ូតូនិងគេ រួចក៏ជិះទូកឆ្លងទន្លេមកត្រើយម្ខាង ហើយក៏បាត់ខ្លួនរហូត ។
បុរសជាឪពុកបានបញ្ជាក់ថា នៅម៉ោង១១ព្រឹក ពេលគាត់មកពីស្រែវិញ មិនឃើញកូនស្រីឃើញតែចៅយំ ពេញផ្ទះ ពេលសួរក្មួយប្រាប់ថាៈ កូនស្រីគាត់ជិះម៉ូតូទៅផ្ទះយាយ មានគេទូរសព្ទ័មកហៅគាត់ ពេលនោះគាត់ក៏បានទៅរកនៅផ្ទះយាយក៏រកមិនឃើញ ឃើញតែម៉ូតូ និងពេលទូរសព្ទ័ចូល តែគ្មានអ្នកលើកទៀត ទើបមានការសង្ស័យ នាំគ្នា ដើររក ពេញមួយថ្ងៃ រហូតដល់ម៉ោងជាង៧យប់ទើបប្រទះឃើញស្លាប់ឲ្យត្រូវគេអារក ។ ដោយនៅជាប់ខ្លួនកូនស្រ្តីគាត់ មានខ្យែកមាស ៥ជី កងដៃផ្លាកទីន ១តម្លឹង ក្រវិលផ្លាកទីន១ជី ជញ្ជៀន១ជី និងប្រាក់២០ម៉ឺនរៀល ផងដែរបានបាត់អស់។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ សមត្ថកិច្ចបានទៅពិនិត្យធ្វើកោសល្យវិច្ច័យបានឲ្យដឹងថាៈ នៅជិតសពស្ត្រីរងគ្រោះ មានទូរសព្ទ័របស់ស្ត្រីរងគ្រោះមួយគ្រឿង កូនកាំបិតដងលឿង១ ។ ចំណែកស្ត្រីរងគ្រោះត្រូវជនពុំស្គាល់មុខអារក សម្លាប់ និងមានស្នាមឈាម ក្នុងប្រដាប់ភេទ អាចជាករណីរំលោភហើយសម្លាប់ប្លន់យកគ្រឿងអលង្ការនិងប្រាក់ទៀតផង ។
សមត្ថកិច្ចក៏បានសន្និដ្ឋានទៀតថា ស្ត្រីរងគ្រោះអាចត្រូវអ្នកជិតស្និត ណាម្នាក់ទូរសព្ទ័ហៅមកឲ្យជួប ទើបនាងឆ្លងទន្លេពីត្រើយម្ខាងមកជួប ហើយក៏ត្រូវជនដៃដល់ចាប់រំលោភហើយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិអស់ ។
សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ផងដែរ៕ ចន្ថា