ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗខណៈជិះម៉ូតូបុកនិងរថយន្តកុងតឺន័រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារបើកម៉ូតូលឿនពេក ទៅបុករថយន្តកុងតឺន័រដែលក្រឡាប់កាលពីពេលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៤លេខ១៣៥ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យកាសែតនគរវត្តដឹងថា កាលពីវេលាម៉ោង៣និង១០រសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តកុងតឺន័រ បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកនឹងម៉ូតូស្ត្រីម្នាក់ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលរងរបួសធ្ងន់ធ្ងរ ត្រូវដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចនគរបាលស្រុកបានបន្តថា ក្រោយមកនៅវេលាម៉ោង១១និង៣០នាទីយប់ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី​ឆ្នាំ២០១៦ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1I 0388 បើកបរ​ដោយឈ្មោះ សុខ ស៊ីណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកធនាគារ LOC រស់នៅភូមិ ប្រាសាទ ឃុំ ពោធិ៍រាជ ស្រុក ​ស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះមកដល់កន្លែងខាងលើ ក៏បានបុកនឹងរថយន្តកុងតឺន័រមួយគ្រឿងដែលក្រឡាប់នៅលើទ្រូងផ្លូវកាលពីពេលរសៀលមិនទាន់បានយកចេញនោះពេញទំហឹង បណ្តាលឲ្យស្លាប់ជនរងគ្រោះនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ បណ្ដាលមកពីជនរងគ្រោះបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ទើបជួបហេតុការណ៏នេះតែម្ដង ។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖