ព័ត៌មានទាន់ហេតុការណ៍៖

ចោរ៤នាក់លួចគោ៥ក្បាលត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចាប់ជាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ចោរ៤នាក់លួចគោញីចំនួន៥ក្បាល ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុបារាយណ៍ចាប់ជាប់។

កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និងគោញី៥ក្បាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ក្នុងការបង្រាបជនសង្ស័យលួចគោញីចំនួន៥ក្បាលនេះលោកបានទទួលពត៏មានពីម្ចាស់គោបានរាយកាណ៍ថាបាត់គោញីចំនួន៥ក្បាលលោកបានបញ្ជាឲ្យកម្លាំងក្រោមឱវាទរបស់លោកស្រាវជ្រាវ និងស្ទាក់រកគ្រប់ច្រកល្ហក់ទើបបង្រាបជនសង្ស័យបាននៅចំណុចទីតាំងខាងលើ ។

ជនសង្ស័យ ឈ្មោះ ឆាយ ឈៀង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាម្ចាស់រ៉ឺម៉ក, ឈ្មោះ កែវ គន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍, ឈ្មោះ នួន ហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ និងឈ្មោះកែវ កាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ។

រីឯម្ចាស់គោឈ្មោះ ឃួន ធី ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិភ្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍កសាងសំណុំរឿងបញ្ជួនបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

ចំណែកគោញីចំនួន៥ក្បាលត្រូវប្រគល់ឲ្យម្ចាស់ដើមវិញហើយផងដែរ ។

មហាជនបាននិយាយថា ធម្មតាចោរលួចគោ ឬក្របីតែងតែមានរនុកក្នុងឲ្យដៃទើបខ្មោចព្រៃចូលបាន ។ តួយ៉ាងជនសង្ស័យទាំង៤នាក់នេះ ភូមិផ្សេងៗគ្នាអីចឹងទាល់តែមានរនុកក្នុងឲ្យដៃទើបចូលមកលួចបានដោយរលួននោះ ៕ ប៊ុន រិទ្ធី


ចែករំលែក៖