ខេត្តកំពង់ចាម ៖ ថ្លែងនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃអង្គារ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានធ្វការអំពាវនាវ និងជំរុញឲ្យអាជ្ញាធរខេត្តកំពង់ចាមបន្តពង្រឹងអនុវត្តច្បាប់ចរាចរណ៍បន្តទៀត និងជាពិសេសបន្តអនុវត្តន៍ឲ្យបានភ្ជាប់ខ្ជួននូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាប់រថយន្តតទ្រុង ដឹកសំពីងសំពោង និងលើសទម្ងន់ទាំងអស់ដែលចរាចរណ៍នៅលើដងផ្លូវ។
សម្តេចក្រឡាហោមបានមានប្រសាសន៍ទៀតថា រថយន្តទាំងនេះទោះជាក្រុមហ៊ុនណាក៏ដោយមិនត្រូវលើកលែងបានទេ ត្រូវចាប់បង្ខំឲ្យគោរពច្បាប់។ បន្តបំបាត់ឲ្យអស់នូវកុងត្រូលជជុះ ច្រករបៀង ពាក្យថាច្រករបៀងគឺច្រកខុសច្បាប់ ជាផ្លូវវាង សុំឲ្យសមត្ថកិច្ចនគរបាលខេត្តព្រំដែនត្រួតពិនិត្យឲ្យបាន។ ដោយឡែកកុងត្រូលជជុះទូទាំងប្រទេសចំនួន១៣៦ ត្រូវបានបំបាត់។ តែបើក្នុងករណីចំបាច់អាជ្ញាធរខេត្តអាចស្នើមកបាន និងសុំយោបល់។ សម្តេចក៏បានដាក់បទបញ្ជាឲ្យខេត្តបន្តយុទ្ធនាការគ្រឿងញៀន ដែលកំពុងរាតត្បាតដល់ភូមិស្រុកដាច់ខាតទប់ស្កាត់ និងចុះដល់មូលដ្ឋានធ្វើការផ្សព្វផ្សាយអប់រំស្តីពីគ្រឿងញៀន បើភូមិណាគ្មានគ្រឿងញៀនទេនោះ យើងត្រូវទប់ស្កាត់កុំឲ្យមាន។ ព្រោះថា បើមានគ្រឿងញៀនចូលហើយនោះ ក្នងភូមិប្រាកដជាកើតមានបទល្មើសហើយ។
ក្នុងនោះសម្តេចក្រឡាហោម ក៏បានផ្តល់យុទ្ធសាស្ត្រក្នុងឆ្នាំ២០១៨ នូវ៣ចំណុចគឺ៖ ១/ បន្តជំរុញអ្វីដែលនៅសេសសល់ ពិសេសសហវិមជ្ឈការ និងវិមជ្ឈការ។ ២/ បន្តខិតខំប្រឹងប្រែងដើម្បីរក្សានូវកំណើនសេដ្ឋកិច្ចរបស់យើងឲ្យស្ថិតក្នុង៧% ឆ្នាំ២០១៨នេះ និងទី៣/ បន្តលើកកម្ពស់បង្កើនប្រសិទ្ធភាពនូវសេវាសាធារណៈដល់ពលរដ្ឋ។
សម្តេចក្រឡាហោមក៏បានជំរុញផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងយុទ្ធនាការឃោសនាបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភានាពេលខាងមុខឲ្យប្រព្រឹត្តទៅដោយរលូន នឹងទទួលបានជោគជ័យ។
ជាមួយគ្នានេះផងដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងឲ្យដឹងដែរថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែជាបញ្ហាចំបងដែលអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចនិងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បានឯកភាពខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានព្រមគ្នា ក្នុងការផ្សព្វផ្សាយអប់រំ បង្កា ទប់ស្កាត់ បង្ក្របនិងព្យាបាល។ លោកអភិបាលខេត្តដដែលបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងកាលពីឆ្នាំ២០១៧ គឺបណ្តាលមកពីអ្នកបើកបរនៅតែប្រើប្រាស់ល្បឿនលឿន មានការឆ្វេសប្រហែស បើកបរខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពច្បាប់។ ក្រោយពីអាជ្ញាធរខេត្តធ្វើការផ្សព្វផ្សាយ នឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបានចាត់វិធានការម៉ឺងម៉ាត់ទៅលើជនបង្កនោះ ធ្វើឲ្យមានការគោរពច្បាប់។ ជាពិសេសអាជ្ញាធរខេត្តក៏បានប្តេជ្ញាអនុវត្តន៍ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឃាត់ចាប់រថយន្តដឹកទំនិញខុសបច្ចេកទេស ជំរុញកាត់ទ្រុងនៅនឹងកន្លែង។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងបន្ថែមថា ការសម្រេចបាននូវលទ្ធផលដ៏ធំធេងនេះ គឺបានមកពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយរឹងមាំដំណើរការអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យបន្តរីកចម្រើនក្នុងសន្ទុះដ៏ខ្លាំងក្លាព្រមទាំងផ្តល់ជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្លាំងប្រដាប់អាវុធ អតីតមន្ត្រីរាជការ អតីតយុទ្ធជន កម្មករ កម្មការិនី កីឡាករ ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធាន អនុប្រធាន សមាជិកភូមិ ដែលបច្ចុប្បន្នកំពុងតែសប្បាយរីករាយដោយទើបទទួលបាន និងត្រៀមទទួលកំណើនលើប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ អត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ដែលជាលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ពួកគាត់។
លោកអភិបាលខេត្តកំពង់ចាមបន្តថា ជាមួយគ្នានេះផងដែរ ក្រោមកិច្ចដឹកនាំកំណែទម្រង់ស៊ីជម្រៅ វិជ្ឈការ និងវិសហមជ្ឈការ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឲ្យរដ្ឋបាលរាជធានីខេត្តទូទាំងប្រទេសមានរចនាសម្ព័ន្ធគ្រប់គ្រង់ជាក់លាក់រឹងមាំ ដើម្បីជំរុញការអភិវឌ្ឍន៍តាមបែបលទិ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពសំដៅឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជននៅមូលដ្ឋាន៕ តាឡឹម