ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដបុកម៉ូតូពេញមួយទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកបោះពួយយ៉ាងលឿនដោយគ្មានការប្រុងប្រយ័ត្ន បានបុកជាមួយម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូម្នាក់ស្លាប់និងម្នាក់ទៀតរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខរោងពុម្ភCMYK លើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល) ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ហុង ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ-1447 រួមដំណើរជាមួយឈ្មោះ រ៉ុម ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កបើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនិងម៉ូតូជនរងគ្រោះពីក្រោយដែលជិះស្របទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ហុង ប៊ុនថៃ ជាអ្នកឌុបស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយទទួលរងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដ បានបើករថយន្ដរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះសមត្ថកិច្ចជំនាញក្រុងបានចុះមកអន្ដរាគមន៍វាស់វែងនិងពិនិត្យកន្លែងកើតហេតុ រួចកសាងឯកសារដកម៉ូតូយកមករក្សាទុកនៅអធិការនគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះរថយន្ដត្រូវបានសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖