ខេត្តកណ្ដាល៖ យុវជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នធ្លាក់ចូលក្នុងប្រឡាយទឹកជ្រុលទៅបុកស្ពានពេញមួយទំហឹង បង្កឲ្យការភ្ញក់ផ្អើលឆោឡោវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ រី សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផលិតនំប៉័ង មានទីលំនៅភូមិលេខ៩ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ គ្មានស្លាកលេខ និងអ្នករួមដំណើរជាមួយមិនស្គាល់អត្ដសញ្ញាណ(រងរបួសធ្ងន់) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (កំពង់សោមទៅភ្នំពេញ) ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានរេចង្កូតចូលទៅក្នុងឡាយទឹកខាងត្បូងផ្លូវ រួចក៏ទៅបុកជាមួយស្ពានឈើពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះឈ្មោះ រី សុភ័ក្រ ដែលជាអ្នកឌុបស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំពោះម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកជិះម៉ូតូ បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ទើបបានជាធ្លាក់ប្រឡាយទឹកជ្រុលទៅបុកស្ពានឈើពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បែបនេះ ៕ ស្អាងជ័យ