ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើកន្លងទៅ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជានៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យលោក ស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ។

នៅក្នុងជំនួបនោះតំណាងទីភ្នាក់ងារ អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ ចំពោះកំណែទម្រង់ទាំងឡាយដែលរាជ រដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងទៅ។ នេះ បើតាមលោក អ៊ាង សុផល្លែត ជំនួយការ ផ្ទាល់សម្តេចតេជោដែលបានថ្លែងប្រាប់ អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះ ។

លោក អ៊ាង សុផល្លែត បានបន្តថា នៅ ក្នុងជំនួបនោះលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តចូលរួមចំណែកក្នុងកិច្ចការរក្សាសន្តិភាពក្រោម ឆត្រអង្គការសហប្រជាជាតិ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានទទួលជោគជ័យជាវិជ្ជមានក្នុងការអនុវត្តតាមគោលដៅសហសវត្សរ៍នោះគឺកម្ពុជាបានបញ្ចប់មុនពេលវេលាការអនុវត្តតាមគោលដៅសហសវត្សរ៍នោះ ។

លោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន បានវាយ តម្លៃខ្ពស់ផងដែរចំពោះកំណែទម្រង់ទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ កន្លងទៅ ដែលនោះជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ កម្ពុជា។ លោកស្រីបានគាំទ្រកម្ពុជាក្នុងការ ជំរុញការអភិវឌ្ឍនៅកម្ពុជា។ ក្នុងន័យនេះ លោកស្រីក៏បានជម្រាបជូនសម្តេចតេជោថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និងពង្រឹងភាពជាដៃគូជាមួយនឹងកម្ពុជាជាបន្តទៅទៀត ។

លោកស្រីតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិក៏បានជម្រាបរាយការណ៍ជូនសម្តេចតេជោអំពីវឌ្ឍនភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៧កន្លងទៅគឺការចូលរួមចំណែកលើវិស័យអភិវឌ្ឍន៍ ធនធានមនុស្ស វិស័យបរិស្ថាន និងវិស័យកសិកម្មក៏ដូចជាក្នុងវិស័យដោះមីនផងដែរ។ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម អង្គការសហប្រជាជាតិបានរួមចំណែកជាមួយនឹងកម្ពុជាយើងក្នុងវិស័យអប់រំ វិស័យសុខភាព ជាពិសេសបញ្ហាជំងឺគ្រុនចាញ់ និងការលុប បំបាត់ជំងឺអេដស៍ ។

ពីនោះទៅទៀតអង្គការសហប្រជាជាតិ បានចូលរួមចំណែកនៅក្នុងអភិបាលកិច្ចល្អផងដែរគឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ទាំងឡាយនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាចូលរួមចំណែកជួយដល់ជនជាតិភាគតិច ជាពិសេសការផ្តល់ កម្មសិទ្ធិដីធ្លីជូនដល់ជនជាតិភាគតិច ។

ជាមួយគ្នានោះកិច្ចប្រជុំទាំងមូលក៏បានយកចិត្តទុកដាក់ និងពិភាក្សាគ្នាយ៉ាងផុល ផុសលើប្រធានបទចំនួន៣ ដូចជាបញ្ហាការ រៀបចំគោលដៅ ការអភិវឌ្ឍដោយចីរភាព ជាដើម។ ក្នុងនោះលោក ឆាយ ថន បាន ជម្រាបជូនអង្គប្រជុំទាំងមូលថា ឯកសារនេះបានឆ្លងកិច្ចប្រជុំ៤ដងរួចមកហើយ ហើយឯកសារនេះនឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័តក្នុងត្រីមាសទី១ឆ្នាំ២០១៨នេះ។ អង្គប្រជុំក៏បានពិភាក្សាទៅលើបញ្ហាយុវជន ការបណ្តុះបណ្តាល ការងារ និងបញ្ហាគាំពារ សង្គមផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូល រួមចំណែករបស់អង្គការសហប្រជាជាតិ ស្របទៅតាមវឌ្ឍនភាពដែលលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន បានជម្រាបជូនសម្តេច ពាក់ព័ន្ធនឹងការងារឆ្នាំ២០១៧កន្លងទៅ៕ ហេង សូរិយា


ចែករំលែក៖