ព័ត៌មានទាន់ហេតុការណ៍៖

៥ឆ្នាំចុងក្រោយនេះ វិស័យការងារនៅកម្ពុជាមានវឌ្ឍនភាពខ្លាំង និងជួយជំរុញកំណើនសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីសម្របសម្រួលនៃអង្គការសហប្រជាតិប្រចាំកម្ពុជា លោកស្រី Claire Vander Vaeren បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលបានជំរុញកំណើនសេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺក្នុងអំឡុងពេលអាណត្តិការងារ ជាអ្នកសម្របសម្រួលរបស់លោកស្រីនៅកម្ពុជា។

ការមើលឃើញពីតថភាពនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Claire Vander Vaeren ជាមួយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់កាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈបេសកកម្មរយៈពេល៥ឆ្នាំ របស់លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជានេះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ពិតជាមានលក្ខណៈល្អប្រសើរ និងមានវឌ្ឍនភាពខ្ពស់។ វឌ្ឍនភាពជោគជ័យទាំងឡាយដែលកម្ពុជាទទួលបាននេះ គឺមិនអាចកាត់ផ្ដាច់ពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឡើយ ក៏រឹតតែមិនអាចកាត់ផ្ដាច់បានពីតួនាទីរបស់លោកស្រី Claire Vander Vaeren ដែលជាអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិផងដែរ។

លោករដ្ឋមន្ត្រីបានថា រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសោមនស្សរីករាយខ្លាំងណាស់ ដែលទទួលបាននូវគម្រោងល្អៗជាច្រើន ក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ និងគោលនយោបាយការងារ ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសគោលនយោបាយជាតិ ស្តីពីការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងភាពជាដៃគូជាមួយអង្គការ ILO ដែលបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ។

លោកស្រី Claire Vander Vaeren បានបញ្ជាក់ថា ក្នុងអាណត្តិការងាររយៈពេល៥ឆ្នាំរបស់លោកស្រី លោកស្រីបានមើលឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ពិតជាមានវឌ្ឍនភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «៥ឆ្នាំចុងក្រោយនេះ វិស័យការងារកម្ពុជាមានវឌ្ឍនភាពយ៉ាងខ្លាំង។ អង្គការសហប្រជាជាតិ មានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាមួយ ឯកឧត្តមរដ្ឋមន្ត្រី។ យើងបានធ្វើការងារច្រើនជាមួយគ្នាលើវិស័យការងារ ពិសេសវិស័យគាំពារសង្គម ការលើកកម្ពស់ប្រាក់ឈ្នួលអប្បបរមា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការទប់ស្កាត់បញ្ហាដែលកើតមានពីការធ្វើចំណាកស្រុក ការផ្ដល់អំណាចដល់ស្រ្តីក្នុងវិស័យការងារ ហើយចុងក្រោយនេះ យើងនឹងពិភាក្សាលើគម្រោងថ្មីទៀតផងដែរ ស្ដីពីមុខរបរ និងការងារយុវជន ដែលមានការជួយសម្របសម្រួលពីអង្គការ ILO ដែលជាអង្គការមួយដ៏សកម្ម ក្នុងការងារសហការជាមួយរាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

លោកស្រីបានលើកទឹកចិត្ត និងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះ ដើម្បីបន្តវឌ្ឍនភាពការងារទៅមុខទៀត ចំណែក លោករដ្ឋមន្ត្រីក្រសួងការងារ ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិផងដែរ៕ ហេង សូរិយា

 


ចែករំលែក៖