ឥណ្ឌូនេស៊ីកំពុងប្រឈមនឹងគ្រោះធម្មជាតិផ្ទុះភ្នំភ្លើង ដែលមានឈ្មោះថា ភ្នំភ្លើង Sinabung ស្ថិតនៅកោះ Sumatra ក្នុង ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ទុះឡើងវិញនៅថ្ងៃ១៩ខែកុម្ភៈដោយបានជះក្អែផេះ យ៉ាងក្រាស់ឃ្មឹកនៅក្នុងបរិយាកាស រហូត ដល់កម្ពស់ជិត ៥.០០០ម៉ែត្រ គ្របដណ្តប់ ជិតឈឹងទៅ លើទីភូមិនានា-នេះបើយោងតាមការគូសបញ្ជាក់របស់អាជ្ញាធរឥណ្ឌូនេស៊ី។
ភ្នំភ្លើង Sinabung ក្រោយពីស្ងប់អស់ រយៈពេលជិត៤០០ឆ្នាំកន្លងមក បានចាប់ផ្តើមកម្រើកឡើងវិញលើកដំបូងនៅក្នុង ២០១៣ ។ ភ្នំភ្លើងSinabung ក៏ជាភ្នំភ្លើង មួយក្នុងចំណោមភ្នំភ្លើងទាំង១២៩ ដែល នៅតែមានសកម្មភាព យ៉ាងខ្លាំងក្លាបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងបានសម្លាប់មនុស្សអស់៧នាក់នៅឆ្នាំ ២០១៦ ។ នៅ ឆ្នាំ ២០១៤ មានភ្នំភ្លើងមួយទៀត បានផ្ទុះ ឡើងដែរ និងបានសម្លាប់ជីវិតមនុស្សអស់ចំនួន១៦ នាក់។
សូមបញ្ជាក់ថា ភ្នំភ្លើងដ៏សកម្មបំផុតជាងគេនៅឥណ្ឌូនេស៊ី គឺ ភ្នំភ្លើង Merapi នៅ កោះ Java ដែលមានកំពូលខ្ពស់បំផុតរហូត ជិតដល់ ២.៩០០ម៉ែត្រ ។ Merapi ត្រូវ បានគេស្គាល់នៅឆ្នាំ២០១០ ដោយភ្នំ ភ្លើងនេះ បានសម្លាប់ជីវិតមនុស្ស អស់ ជាង៣៥០នាក់។
យោងតាមប្រធានមជ្ឈមណ្ឌលជាតិ ខាងផ្នែកភ្នំភ្លើងឥណ្ឌូណេស៊ី គឺជាការ ផ្ទុះភ្នំភ្លើង Sinabung មួយដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំ ២០១៨នេះ។ មកទលពេលនេះ ពុំទាន់ដឹងព័ត៌មាន ស្តីពីចំនួនមនុស្សស្លាប់ឬក៏អ្នករងរបួសនោះនៅឡើយទេ។ ក៏ប៉ុន្តែ គេគ្រាន់តែដឹងថា នៅពេលភ្នំភ្លើង Sina bung ផ្ទុះឡើងនោះ ពុំមានប្រជាជនណាម្នាក់ឡើយនៅក្នុងបរិវេណ សន្តិសុខ ដែលអាជ្ញាធរ បានរៀបចំឡើង កាលពី ពេលមុននៅក្នុងចម្ងាយប្រមាណ៧គីឡូ ម៉ែត្រនៅជុំវិញភ្នំភ្លើងនេះ។
ផ្ទុយទៅវិញគេបានឃើញផ្ទះសម្បែង ចំនួនជាច្រើនរយខ្នងដែលស្ថិតនៅខាងក្រៅនៃតំបន់រងមហន្តរាយ ត្រូវបានធូលី ភ្នំភ្លើងគ្របដណ្តប់ពីលើយ៉ាងជិតឈឹង។
ដើម្បីការពារសុខភាពរបស់ប្រជាជន អាជ្ញាធរឥណ្ឌូនេស៊ី ក៏បានធ្វើការចែក ចាយផងដែរ masques សម្រាប់បិទការពារមុខមាត់និងសុំស្នើឲ្យប្រជាជនខ្លួន ស្ថិត នៅក្នុងផ្ទះ ដើម្បីចៀសវាងពីបញ្ហានៃការ ដកដង្ហើម។ ចំណែកអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវិញ បានថ្លែងប្រាប់ដែរថា នៅទីភូមិខ្លះៗ គឺជាភាពអន្ធការទាំងស្រុង ដោយសារតែ គេពុំអាចមើលឃើញអ្វីៗបាន ឲ្យហួស ចម្ងាយពី ៥ម៉ែត្រនោះទេ បន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះមក៕ ម៉ែវ សាធី