ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលអធិការកិច្ចកម្ពស់ ៦ជាន់ ចំណាយថវិកាជាតិ១៤ពាន់លាន រៀល ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ

ចែករំលែក៖

ភ្នំពេញ៖ ដោយតម្រូវការចាំបាច់ចំពោះមុខ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានសម្រេចធ្វើការសាងសង់អគាររដ្ឋបាលថ្មីមួយបន្ថែមទៀត មានកម្ពស់ ៦ជាន់ ដែលគ្រោង នឹងប្រើប្រាស់ក្នុងសាងសង់រយៈពេល ១៨ខែ ចំណាយថវិកា របស់ រាជរដ្ឋាភិបាល ចំនួន១៤ពាន់លានរៀល ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលអធិការកិច្ចនេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃពុធ ៦កើត ខែផល្គន ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យក្រសួងអធិការកិច្ចថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែល បច្ចុប្បន្នស្ថិតក្រោមការដឹកនាំ របស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន និងកំពុង បំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដោយជោគជ័យ ដោយក្រសួងមួយនេះមានការងារសំខាន់ៗដូចតទៅ៖ ទី(១),ការងារធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសជារួមមានធ្វើ អធិការកិច្ចលើកិច្ចការ រដ្ឋបាល, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ធ្វើការងារតាមដានការអនុវត្តន៍ច្បាប់ និងលិខិតគតិយុត្តិនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះដើម្បើលើកកម្ពស់អភិបាលកិច្ចល្អ, ជម្រុញកែលម្អរបណ្តាស្ថាប័នរដ្ឋឱ្យអនុវត្តភារកិច្ច ស្របតាមគន្លងច្បាប់, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព និង ចូលរួមចំណែកបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ទី(២),ការងារទទួលពាក្យបណ្តឹងមាន៖ បណ្តឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ និងការងារចុះអង្កេតស្រាវជ្រាវ ករណីបណ្ដឹង ទី(៣),ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា មាន៖ ធ្វើការផ្សព្វផ្សាយ ច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស, រៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន, ចូលរួមពិនិត្យ ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់ក្រសួង ស្ថាប័ននានា, ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់សំណូមពរពីប្រជាជន សម្រប សម្រួល ដោះស្រាយសំណូមពររបស់ប្រជាជន និងទី(៤),ការងារបណ្តុះបណ្តាលមុខជំនាញ អធិការកិច្ចគ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច ដោយក្រសួងបានបង្កើតវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបណ្ដុះបណ្តាលជំនាញអធិការកិច្ចគ្រប់កម្រិតជូនដល់មន្ត្រីអធិការកិច្ចទូទាំងប្រទេស៕ សំរិត

 

 


ចែករំលែក៖