ដីសួនច្បារកណ្តាលក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរខេត្តនេះឃុបឃិតគ្នាលក់ឲ្យឈ្មួញ កំពុងដំណើរការសង់ស្ថានីយប្រេង និងមួយចំណែកទៀតសង់អគារពាណិជ្ជកម្ម។ ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលបានឃើញគម្រោងសាងសង់ស្ថានីយប្រេងនេះបានត្រឹមនាំគ្នារឹតដើមទ្រូងប៉ុណ្ណោះ ។ បើទោះបីជាអាជ្ញាធរខេត្តខំប្រឹងយកចិត្តប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ប៉ុន្តែការលក់សួនច្បារមួយផ្នែកនេះ គឺជាការបំផ្លាញទឹកចិត្តប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ដីសួនច្បារដ៏ធំល្វឹងល្វើយតាមគម្រោងរបស់រាជរដ្ឋាភិបាលនឹងត្រូវកសាងសួនច្បារថ្នាក់ជាតិដ៏ធំមួយ។ នៅពីក្រោយគម្រោងនៃការកសាងសួនច្បារនេះ បែរជាអាជ្ញាធរខេត្តមណ្ឌលគិរីឃុបឃិតជាមួយគណៈកម្មការសាងសង់សួនច្បារលក់ដីសួនច្បារឲ្យឈ្មួញធ្វើស្ថានីយប្រេង និងអគារពាណិជ្ជកម្មមួយចំនួន។ ប្រជាពលរដ្ឋក្រុងសែនមនោរម្យកំពុងជ្រួលច្របល់អំពីបញ្ហានេះ ប៉ុន្តែសម្រាប់លោកស្វាយ សំអ៊ាង អភិបាលខេត្តបែរជាស្ងាត់ឈឹងទៅវិញ។ ភាពស្ងៀមស្ងាត់របស់លោកអភិបាលខេត្តធ្វើឲ្យប្រជាពលរដ្ឋយល់ថា ថ្នាក់ដឹកនាំខេត្តនេះហើយដែលជាអ្នកឃុបឃិតឲ្យឈ្មួញសង់ស្ថានីយប្រេង និងអគារពាណិជ្ជកម្មនៅលើដីសួនច្បារសាធារណៈរបស់រដ្ឋ។
រឿងនេះ ប្រៀបដូចជាដំរីស្លាប់យកចង្អេមកបាំង។ លោកស្វាយ សំអ៊ាង ក៏ដូចជាថ្នាក់ដឹកនាំខេត្តដទៃទៀតកំពុងបំផ្លាញទឹកចិត្តប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ក៏ដូចជាទូទាំងប្រទេសដែលគេធ្លាប់ឃើញសួនច្បារដ៏ធំល្វឹងល្វើយ ពេលនេះក្លាយទៅជាអគារពាណិជ្ជកម្ម និងស្ថានីយប្រេងទៅវិញនោះ។ លោកអភិបាលខេត្តមិនគួរសាងកិត្តិយសក្នុងអាណត្តិរបស់ខ្លួនឲ្យស្អុយរលួយយ៉ាងដូច្នេះទេ។ គេខិតខំកសាងសួនច្បារដើម្បីបម្រើផលប្រយោជន៍សាធារណៈ ប៉ុន្តែខេត្តមណ្ឌលគិរី ដែលមានដីទំនេរដ៏ច្រើនល្វឹងល្វើយនោះ បែរជាលក់ដីសួនច្បារកណ្តាលក្រុងឲ្យឈ្មួញទៅវិញ៕