ខេត្តកំពត៖ មន្ត្រីតុលាការថ្លែងថា លោកគ្រូ អ៊ឹង ឈាន់ ហៅកៅ ដែលលក់ថ្នាំឫសឈើមានសារជាតិពុលបណ្តាលឱ្យមនុស្សស្លាប់នៅខេត្តកំពត ត្រូវបានលោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
លោកគ្រូថ្នាំរូបនេះ ត្រូវបានលោក ខាន់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត ចោទប្រកាន់ពីបទ”មនុស្សឃាតដោយអចេតនា”តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា លោក ជិន សុវណ្ណារិទ្ធ រស់នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ត្រូវជាកូនប្រុសរបស់សពលោកឪពុកឈ្មោះ សំ វណ្ណា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើលិខិតបំភ្លឺមួយច្បាប់បំភ្លឺជូនសាធារណជន ឱ្យបានជ្រាបថា ការស្លាប់របស់ឪពុក គឺ ដោយសារថ្នាំឫសឈើមានសារធាតុជាតិពុលរបស់លោកគ្រូ អ៊ឹង ឈាន់ ហៅកៅ ពោលគឺមិនមែនស្លាប់ដោយសារការហូបស្រាក្លែមសត្វឆ្កែ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនទេ ។
លោកជិន សុវណ្ណារិទ្ធ បញ្ជាក់ថា លោកគ្រូថ្នាំរូបនេះ បាមជិះកង់មកលក់ថ្នាំឫសឈើដល់ផ្ទះ ហើយក្រោយមកថ្នាំនេះមានសារជាតិពុលបណ្តាលឱ្យឪពុកស្លាប់យ៉ាងអាណោចអាធ័ម ៕ ចេស្តា