ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តតូយ៉ូតាកាមរីមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន រេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកសួនរង្វង់មូលព្រហ្មមុខបួន សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលព្រហ្មមុខបួនត្រើយខាងកើត ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តបង្កម៉ាកត៉យ៉ូតា កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6358 នេះ បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ6 ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ទំនងជាស្រវឹងស្រា ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានផ្លោងហោះទៅបុកសួនរង្វង់មូលព្រហ្មមុខបួនបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាងយ៉ាងដំណំ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរឡើយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរចុះវាស់វែង យករថយន្តបង្កខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ