ភ្នំពេញ ៖ នៅវេលាម៉ោង០២:០០នាទីរសៀល ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានឯកភាពឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនបន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ កម្លាំងសង្កាត់ស្ទឹងមានជ័យ១ សហការគ្នាចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលសម្ងំបើកលាក់ខ្លួនជ្រកក្នុងផ្ទះមួយកន្លែង ផ្លូវលំ ក្រុម៦ ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំរួមដោយលោក ស៊ុំរិទ្ធី និងលោក ជា ណារិន និងមន្ត្រីសាលាខណ្ឌ សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ និងកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ឡេង សុភត្រា ប្រធានប្រជាការពារសាលាខណ្ឌមានជ័យ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
ជាក់ស្តែងនៅវេលារសៀលខាងលើនេះ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ធផលដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង និងទូរហ្គេមបៀរ ចំនួន៤គ្រឿង ត្រូវកម្លាំងយកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ រង់ចាំធ្វើការវាយកម្ទេចចោលពេលក្រោយ និងឃាត់ខ្លួនមនុស្ស ៤នាក់ (ក្នុងនោះមានស្ត្រីជាម្ចាស់ទីតាំងម្នាក់ផងដែរ)។
បច្ចុប្បន្នបុរស៣នាក់ដែលជាអ្នកញៀនល្បែងនិងស្ត្រីម្ចាស់ទីតាំងត្រូវប្រគល់អោយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ អប់រំនិងចាត់ការតាមច្បាប់។
សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានលើកឡើងក្នុងពេលប្រជុំកាលពីកន្លងមកនេះថា លោកបានក្រើនរំលឹកខ្លាំងៗដល់អស់លោក ចៅសង្កាត់នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ពីភាពអសកម្មមកថ្នាក់លើ ជាពិសេសបញ្ហាល្បែងស៊ីសង គ្រប់ប្រភេទ មានហ្គេមបាញ់ត្រី ភ្នាល់បាល់ ល្បែងជ្រកក្រោមស្លាកណេត២៤ម៉ោង នឹងទីកន្លែងបញ្ជាំផ្សេងៗ មិនត្រូវលាក់សង្ងំទុកអោយកើតបទល្មើសទើបរាយការណ៍នោះទេ។
ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ផ្តល់ទីកន្លែងឲ្យប្រព្រឹត្តបើកបនល្បែងស៊ីសងផ្សេងៗជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមានម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។
ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕ តាឡឹម