ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ មានគំនិតខ្លីដោយសារតែតូចចិត្តប្រលង ឆមាសធ្លាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ចោលឪពុកម្តាយយំសោកសង្រេង
ហេតុការណ៍នេះកើតឡើងកាលពី ម៉ោង ៦ ព្រលប់ថ្ងៃពុធ ៧កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំថ្លាត ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះ ឈ្មោះ មាស ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរំចេក ឃុំ-ស្រុកអន្លង់វែង បច្ចុប្បន្ន មកស្នាក់នៅ ជាមួយជីតា និងជីដូន នៅភូមិឃុំកើតហេតុខាងលើ ជាសិស្សរៀនថ្នាក់ទី១១។ក្មេងស្រីរងគ្រោះ បានយកកន្សែងពោះគោចងកសម្លាប់ខ្លួនឯង ព្យួរនឹងដើមត្រសេក កម្ពស់១.៩០ម៉ែត្រ នៅក្នុងព្រៃបុស្ស ខាងជើងផ្ទះ ចម្ងាយ ១០០ ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
បើតាមក្រុមគ្រួសារសពបាននិយាយថា ការធ្វើអត្តឃាតរបស់ក្មេងស្រីរូបនេះ ដោយសានាងខូចចិត្តប្រឡង ឆមាសធ្លាក់គណិតវិទ្យាខ្មាសមិត្តភក្តិ ព្រោះប៉ុន្មានថ្ងៃមកនេះ នាងចេះតែធ្វើមុខស្រពាប់ស្រពោន និងស្រក់ទឹកភ្នែក ព្រមទាំងត្អូញត្អែរថាតូចចិត្តណាស់ ។
បន្ទាប់ពីទទួលព័ត៌មានបានភ្លាម អធិការនគរបាលស្រុកបាន ចាត់តាំងកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅពិនិត្យនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយធ្វើអត្តឃាតចង សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយនៅក្នុងកាតាបរៀន មានបន្សល់ទុកលិខិត១ សន្លឹកដែលនាងសរសេរផ្ទាល់ដៃជាភាសារអង់គ្លេស មានអត្ថន័យខូចចិត្តរឿង ប្រឡងធ្លាក់មុខវិជ្ជាគណិតវិទ្យា។
បន្ទាប់មកសមត្ថកិច្ចជំនាញបានប្រគល់សពក្មេងស្រីរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី