ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង ឃាត់ខ្លួនមុខសញ្ញាចោរឆក់ម្នាក់ ក្រោយ​បង្ហោះ​ក្នុង​Facebook ថតជាប់ស្លាកលេខម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយត្រូវបានប្រជាពលរដ្ឋថតបានតាមរយៈកាម៉ារ៉ាសុវត្ថិភាពដែលដាក់នៅមុខផ្ទះ និងបានយកទៅបង្ហោះក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកនោះ រហូតសមត្ថកិច្ចធ្វើការស្រាវជ្រាវភ្លាមៗដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើ ។ចំណែកឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពី​រសៀល ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែ​កុ​ម្ភះ ឆ្នាំ២០១៨ ក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមមន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មនេះ ត្រូវបាន​ឃាត់ខ្លួនបន្ទាប់ពីរូបគេនិងបក្ខពួកនាំគ្នា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក IPhone 7plus ពី​ជនជាតិ​បរទេស​បានសម្រេច​ នៅ​ចំណុចផ្លូវលេខ៣០៤ ក្នុង​សង្កាត់​បឹង​កេងកង២ ខណ្ឌចំការមន កាលពី​ម្សិលមិញ​ បានសម្រេច​ហើយព្យាយាមរត់គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង២និង៤៩នាទី​រសៀល​ថ្ងៃទី២០ ខែ​កុ​ម្ភះ ឆ្នាំ២០១៨ ដោយជនសង្ស័យមានគ្នា២នាក់ ជិះ​ម៉ូតូ​ម៉ា​ក់និច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ ១GJ- ៩០៥៤ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូងរាជធានី​ភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖