ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ គណៈកម្មការសាងសង់សួនច្បារជាអ្នកអនុញ្ញាតឲ្យឈ្មួញធ្វើស្ថានីយប្រេង?

ចែករំលែក៖

មន្ត្រីថ្នាក់ធំក្នុងជួរគណៈអភិបាលខេត្តមណ្ឌលគិរីបានខ្សឹបប្រាប់ថា ករណីឈ្មួញកំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈនៅលើដីសួនច្បារជាប់រង្វង់មូលគោព្រៃ កណ្តាលក្រុងសែនមនោរម្យនោះមិនមែនជាការសម្រេចរបស់គណៈអភិបាលខេត្តមណ្ឌលគិរីនោះទេ។ ប៉ុន្តែគឺជាការសម្រេចរបស់គណៈកម្មការសាងសង់សួនច្បារថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីយល់ថា ការធ្វើយ៉ាងនេះនាំឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តខ្លួននោះដែរ ប៉ុន្តែឥទ្ធិពលឈ្មួញក៏ធំ ហើយការសម្រេចរបស់គណៈកម្មការសាងសង់សួនច្បារថ្នាក់ជាតិនោះ ក៏មិនអាចជំទាស់បាន។

ប្រភពបាននិយាយថា ក្រៅពីកាត់ដីមួយចំណែកឲ្យក្រុមហ៊ុនឯកជនដ៏មានឥទ្ធិពលដើម្បីសង់ស្ថានីយប្រេងឥន្ធនៈដ៏ធំ មានទាំងកន្លែងលក់ទំនិញផងនោះ ដីសួនច្បារនេះ មួយផ្នែកទៀតត្រូវបានអនុញ្ញាតឲ្យសង់អគារពាណិជ្ជកម្មផ្សេងៗ និងមួយផ្នែកថ្នាក់ខេត្តបានសុំទុកសម្រាប់រៀបចំជាវេទិកាកម្មវិធីផ្សេងៗ ។ ដូច្នេះសួនច្បារថ្នាក់ជាតិដ៏ធំតាមគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលនោះ គឺមិនធំពេកនោះទេ ពីព្រោះដីសួនច្បារ បច្ចុប្បន្ននេះត្រូវកាត់ឲ្យខេត្តមួយចំនួន និងមួយចំនួនធំផ្សេងទៀតត្រូវឲ្យឈ្មួញធ្វើស្ថានីយប្រេង និងអគារពាណិជ្ជកម្មនៅជុំវិញសួនច្បារនោះ។ គេមិនដឹងថា តើថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីយល់យ៉ាងណានោះទេ ករណីនៃការយកសួនច្បារឲ្យឈ្មួញសាងសង់ស្ថានីយប្រេងនេះ ។ ប៉ុន្តែប្រភពពីថ្នាក់ដឹកនាំខេត្តអះអាងថា គណៈអភិបាលខេត្តមិនហ៊ានមាត់កអ្វីនោះទេ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គណៈកម្មការសាងសង់បានយល់ព្រមឲ្យក្រុមហ៊ុនឯកជនយកដីមួយផ្នែកធំនៃសួនច្បារបច្ចុប្បន្ន ធ្វើជាស្ថានីយប្រេង និងអគារពាណិជ្ជកម្មមួយចំនួនជាថ្នូរនឹងការដែលក្រុមហ៊ុននោះត្រូវសង់សួនច្បារឲ្យរដ្ឋវិញ ។ សម្រាប់ប្រជាពលរដ្ឋក្រុងសែនមនោរម្យ រួមទាំងអាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានត្រឹមតែបើកភ្នែកមើលការដ្ឋានសាងសង់ស្ថានីយប្រេងនេះតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋ បានត្រឹមនាំគ្នាគក់ទ្រូងទាំងស្តាយស្រណោះ ពោលគឺមិនចង់ឲ្យបាត់បង់សួនច្បារនេះឡើយ មិនតែប៉ុណ្ណោះ មិនចង់ឲ្យមានការអភិវឌ្ឍន៍អ្វីទេ បើអភិវឌ្ឍន៍ធ្វើឲ្យបាត់បង់យ៉ាងនេះនោះ។

គេមិនដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានជ្រាបដែរឬយ៉ាងណាទេ ករណីមានការពុះច្រៀកដីសួនច្បារកណ្តាលក្រុងសែនមនោរម្យចែករំលែកឲ្យក្រុមហ៊ុនឯកជនសាងសង់សួនច្បារ និងអគារពាណិជ្ជកម្មនោះ ៕


ចែករំលែក៖