ព័ត៌មានទាន់ហេតុការណ៍៖

សំណាង១ ក្នុង១ម៉ឺនគ្រោះថ្នាក់ បុរសជំនាញឡើងត្នោតម្នាក់ភ្លាត់ស្នៀតរអិលជើងធ្លាក់មកដី គ្រាន់តែរបួស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ដែលអ្នកភូមិអះអាងជំនាញឡើងដើមត្នោតជាអាជីព ដើម្បីធ្វើទឹកយកមករំងោះផលិតស្ករបានភ្លាត់ស្នៀតរអិលជើងរបូតដៃធ្លាក់ពីលើចុងតោតបណ្ដាលឲ្យរងរបួស នេះចាត់ទុកថា សំណាង១ ក្នុងមួយម៉ឺនគ្រោះថ្នាក់ហើយ ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ត្រង់ចំណុចក្រាំងការីខាងក្រោយផ្ទះចម្ងាយប្រមាណ ៣០ម៉ែត្រ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បុរសរងរបួសឈ្មោះ ឈឹម សំអន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៦នាក់ ។

លោក វរសេនីយ៍ទោ បន្តទៀតថា មូលហេតុបុរសរងរបួសធ្លាក់ពីលើចុងដើមត្នោតនេះ នៅគ្រាដែលគាត់ឡើងទៅយកទឹកត្នោតនៃដើមទី២ រួចហើយដើរលើឈ្នួឆ្លងទៅដើមផ្សេងទី៣ ដែលមានកំលាតពីគ្នាក្នុងចន្លោះជាង២ម៉ែត្រទៅ៣ម៉ែត្រ ក៏បានភ្លាត់ស្នៀតរអិលជើងធ្លាក់ចុះតែម្តង ហើយភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ ៕ ប៉ឹម ពិន


ចែករំលែក៖