ភ្នំពេញ: បុរសជាសន្តិសុខម្នាក់ ដែលយាមផ្ទះជួលមួយកន្លែង បានចូលទៅចាប់រំលោភស្ត្រីម្នាក់ ជាកម្មការិនីរោងចក្រ និងជាអ្នកជួលបន្ទប់ជួលនៅទីនោះរហូតបានសម្រេច៦ដង ហើយគំរាមសម្លាប់ តែបែរជាបែកការដល់ប្រពន្ធបុរសល្មោភកាមនោះតាមរករឿងវាយធ្វើបាបនារីរងគ្រោះ ទើបសម្រេចរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ស្ត្រីរងគ្រោះ ជាកម្មការិនីរោង ចក្រ អាយុ២៤ឆ្នាំ និងស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ចំណែកបុរសល្មោភកាមនោះត្រូវបានគេស្គាល់ឈ្មោះ ជី អាយុ២៨ឆ្នាំ មុខរបរជាសន្តិសុខ យាមនៅផ្ទះជួល ហើយក៏មានប្រពន្ធរួចទៅហើយ ។
តាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ បុរសនោះបានទៅគោះទ្វារបន្ទប់របស់នាង និងបានស្រែកហៅនាងថា «មីអូនបើកទ្វារឲ្យបង បងតអំពូលឲ្យ»។ ខណ:នោះ ដោយសារតែយល់ថា គាត់ជាសន្តិសុខដែលមើលការខុសត្រូវតាមបន្ទប់ជួលនោះ ម្យ៉ាងទៀតអំពូលក្នុងបន្ទប់នាងដាច់ផង ក៏បានបើកទ្វារឲ្យចូល ។
ស្រាប់តែបុរសនោះចាប់នាងរំលោភរហូតបានសម្រេចម្ដង។ បន្ទាប់មកបានគំរាមកំហែងមិនឲ្យនាងស្រែក ឬនិយាយប្រាប់គេទេ បើមិនដូច្នេះទេគេនឹងតាមធ្វើបាបនាង ហើយគំរាមសម្លាប់នាងចោលតែម្ដង រួចបុរសនេះបានចាកចេញទៅបាត់ហើយនាងក៏មិនហ៊ានប្រាប់នរណាតដែរលុះដល់វេលាម៉ោង១០យប់ថ្ងៃបន្ទាប់ៗមកទៀត បុរសនោះតែងតែទៅរកនាង និងបានចាប់រំលោភនាងបានសម្រេចជាបន្តបន្ទាប់រហូតបានចំនួន៥ដងទៀត និងប្រើពាក្យគំរាមដដែលនោះទៀត។
ស្ត្រីរងគ្រោះបានបន្តទៀតថា រហូមកដល់ថ្ងៃទី២១ ខែកុម្ភ:ឆ្នាំ២០១៨នេះ ស្រាប់តែបែកការណ៍ដឹងដល់ស្ត្រីជាប្រពន្ធរបស់បុរសនោះ ហើយស្ត្រីជាប្រពន្ធរូបនោះ បានតាមទៅវាយធ្វើបាបនាងដល់បន្ទប់ជួល និងវាយទាំងបោកចានឆ្នាំងនាងបែកខ្ទេចខ្ទីថែមទៀត។ ទើបនាងលែងខ្លាច និងទ្រាំលែងបានក៏បានដាក់ពាក្យប្ដឹងតែម្ដង ហើយបានទាមទារសំណង ជំងឺចិត្តចំនួន២ពាន់ដុល្លារពីជននេះ និងប្រពន្ធរបស់គេ។
ប៉ុន្តែមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយទេ ព្រោះជននេះបានគេចខ្លួនបាត់ហើយ តែទោះជាយ៉ាងណាកម្លាំងនឹងស្រាវជ្រាវ ដើម្បីរកចាប់ខ្លួនឲ្យខានតែបានដើម្បីយកមកចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ