ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ឃាត់ខ្លួនគ្រាដែលពួកគេជិះឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរកអាវុធជាតិផ្ទុះ ហើយត្រូវអ្នកទាំងពីរជិះត្រឡប់ក្រោយ តែត្រូវបានកម្លាំងដេញចាប់បានភ្លាមៗនិងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។
ករណីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ គោលដៅត្រួតពិនិត្យរកអាវុធជាតិផ្ទុះ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីរនាក់នេះ ទី១ឈ្មោះ លីម សុវណ្ណ ១៧ ស្នាក់ប៉ប្រកខាងត្បូង សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះមាសសុភត្រ្តា ២៨ ស្នាក់នៅម្តុំស្ពានស្ទឹងមានជ័យ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នគរបាលបានចាប់យកវត្ថុតាងជាក់ស្តែងបានមួយចំនួន ៖ សោសម្រាប់កាច់កម៉ូតូ រៀងអក្សរ T ថ្នាំញៀនមួយកញ្ចប់ ទូរស័ព្ទ១ ដែកកេះ កាបូប និងមធ្យោយបាយធ្វើដំណើរម៉ូតូ មួយគ្រឿង ។
ជនសង្ស័យទាំងពីរនាក់ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ឧបករណ៍ទាំងនេះជារបស់ខ្លួន កន្លងមកក៏ធ្លាប់ ធ្វើសកម្មភាពញឹកញាប់ផងដែរ ។
ជនសង្ស័យទាំង២ និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ