ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចគ្រឿងសិង្ហារឹមត្រូវម្ចាស់មកទាន់ចាប់ក្របួចជាប់ប្រគល់ឲ្យអាវុធហត្ថ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ចោរមួយក្រុមបានធ្វើសកម្មភាពលួចចូលទៅក្នុងរោងសិប្បកម្មកែឆ្នៃឈើមួយកន្លែង ដែលជារបស់ម្ចាស់ឈ្មោះ ចែ ថាំ ដោយបានលួចដឹកជញ្ជូនគ្រឿងសិង្ហារឹមយកចេញក្រៅ ប៉ុន្តែមិនបានសម្រេច ត្រូវបានម្ចាស់រោងសិប្បកម្មមកទាន់ បានចាប់ក្របួចកអាវជាប់២នាក់ រួចហើយប្រគល់ទៅឲ្យអាវុធហត្ថខេត្ត ចាត់ការបន្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរោងសិប្បកម្មឈ្មោះ ចែថាំ ស្ថិតនៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពពីម្ចាស់រោងសិប្បកម្មឲ្យដឹងថា គាត់និងប្តីជិះរថយន្តចេញពីផ្ទះចង់ទៅមើលកន្លែងដាក់គ្រឿងសិង្ហារឹមប្រទះឃើញ ជនសង្ស័យម្នាក់ កំពុងលើកដាក់គ្រឿងសិង្ហារឹមដឹកតាមម៉ូតូបម្រុងចេញមកខាងក្រៅ គាត់ក៏បានហក់ទៅចាប់ក្បាលម៉ូតូ ហើយត្រូវបានជនសង្ស័យបុកត្រូវចំជើង រួចក៏បានចាប់ក្របួចជាប់កអាវ ។ ចំណែកប្តីរបស់គាត់ក៏បានជួយចាប់ទាញគូថម៉ូតូពីក្រោយ បន្ទាប់មកក៏បានស្រែកឲ្យប្អូននៅជិតទីនោះមកជួយបន្ថែម ដោយបានចាប់ជាប់ជនសង្ស័យនៅនឹងកន្លែងបានម្នាក់ ចំណែកបក្ខពួកផ្សេងៗទៀតបានរត់គេចខ្លួនទៅបាត់ ។

ក្រោយមក នៅព្រឹកឡើងថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ទៀតមានឈ្មោះទៀង ភេទប្រុស មានអាយុប្រមាណជា២០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាងតុទូ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានមកសារភាពថា ខ្លួនពិតជាបានលួចពិតប្រាកដមែន ទើបជាលើកទី១នោះទេ បន្ទាប់មកគាត់ក៏បាននាំខ្លួនយកឲ្យអាវុធហត្ថខេត្តបន្តទៀត ដើម្បីសាកសួររកវត្ថុតាងរួម នឹងបក្ខពួកមួយចំនួនទៀត ។

ប្រភពពីម្ចាស់ដដែលខាងលើនោះបានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលមានឈ្មោះ ទៀង នោះកាលពីមុនគេ ធ្លាប់បានធ្វើជាងធ្វើតុទូនៅជាមួយហ្នឹងគាត់ ក្រោយមកក៏សំុឈប់ តែដោយសារគេហ្នឹងធ្លាប់នៅជាមួយគាត់ ទើបដឹងក្រឡុកក្រលៀតអស់ ហើយគាត់ធ្លាប់ទុកចិត្តឲ្យកាន់កូនសោចាក់ចេញចូលយកឥវ៉ាន់ តែមិនដឹងគេលួចទៅចម្លងកូនសោទុកតាំងពីពេលណានោះទេ ។

លុះក្រោយមក ឥវ៉ាន់ចេះតែបាត់បន្តិចៗរហូត ហើយតាំងពីដើមខែមកមក ដល់ចុងខែកុម្ភៈនេះ បានសរុបគ្រឿងសិង្ហារឹមនៅក្នុងឃ្លាំងបានបាត់អស់កៅអីចំនួន២២៤ គ្រែ១ និងទូសម្អាងចំនួន១៤ ។

តាមការរៀបរាប់ពីឈ្មោះ ប៊ុត ថន មានស្រុកកំណើតរស់នៅភូមិយួស ឃុំឫស្សីសាញ់ ស្រុកសន្ធរកណ្តាល ខេត្តព្រៃវែង ត្រូវជាបងប្រុសរបស់ជនសង្ស័យម្នាក់ឈ្មោះ ប៊ុត សុខឃេត ភេទប្រុស អាយុប្រមាណជាង៣០ បច្ចុប្បន្នមករស់នៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង បានប្រាប់ថា ប្អូនរបស់គាត់មិនមែនជាចោរនោះទេ គេគ្រាន់តែអ្នកសីុឈ្នួលរត់ឌុប ដឹកឥវាន់ឲ្យម្នាក់ឈ្មោះទៀង ខាងលើនោះគេបាន ហៅឲ្យទៅដឹកកៅអីនៅទីតាំងខាងលើ ដោយគេបាននិយាយថា គឺជារបស់ម៉ាក់របស់គេនោះទេ ព្រោះសព្វថ្ងៃនេះមុខរបររកសីុគឺជាអ្នករត់ឌុបបុណ្យឲ្យតែគេហៅឌុបគឺឌុបហើយឲ្យតែបានលុយដើម្បីក្រពះ។

បងប្រុសរបស់ជនរងគ្រោះមានឈ្មោះ ប៊ុត សុខឃេត ខាងលើនោះ បានបញ្ជាក់ថា គាត់មកនៅនឹងមុខទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តនេះ គឺគ្រានតែមកសំុដោះស្រាយយកប្អូនប្រុសរបស់គាត់ឲ្យត្រឡប់ទៅផ្ទះវិញដើម្បីប្រកបរកសីុចិញ្ចឹមគ្រួសារ ពីព្រោះអីប្អូនប្រុសរបស់គាត់អត់ខុសអ្វីនោះទេ គ្រាន់តែសីុឈ្នួលដឹកគ្រឿងសិង្ហារឹមឲ្យគេមិនដឹថាជារបស់ចោរនោះដែរ ។

ជុំវិញក្នុងរឿងនេះ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត បានឲ្យដឹងថា ក្រោយពីបានម្ចាស់អ្នកលក់គ្រឿងសិង្ហារឹមចាប់បានជនសង្ស័យ២នាក់ប្រគល់ឲ្យអាវុធហត្ថខេត្ត ហើយបានដាក់ពាក្យបណ្តឹងនៅកន្លែងអាវុធហត្ថទៀតនោះ ក្រោយពីបានមន្ត្រីជំនាញអាវុធហត្ថធ្វើការសួរនាំ រួចហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោកបានដឹកនាំកម្លាំងរបស់អាវុធហត្ថច់ខេត្តចុះឆែកឆេរនៅតាមទីកន្លែងរោងសិប្បកម្មនិងកន្លែងលក់គ្រឿងសិង្ហារឹម ដែលខ្លួនរបស់ជនសង្ស័យឈ្មោះទាង ជាជនជាតិនោះបានឆ្លើយប្រាប់ថា មានចំនួនបីទីតាំង ។ លោកបន្តទៀតថា ដោយឡែកបានរកឃើញវត្ថុតាងតែចំនួនពីរទីតាំងនោះទេ កន្លែងទី១ រកឃើញក្រែ១ និងកៅអីឈើចំនួន៦៤នៅកន្លែងដែលគេកំពុងបាញ់ថ្នាំ និងទីតាំងទី២ បានរកឃើញនៅកន្លែងលក់គ្រឿងសិង្ហារឹម ម្ចាស់ផ្ទះគឹម ហេង នៅទល់មុខសណ្ឋាគារអង្គមាស ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង មានទូរសម្អាងចំនួន៤ រួមនិងកៅអីឈើមួយចំនួនទៀត ។

លោកបានបញ្ជាក់ថា គ្រឿងសិង្ហារឹមដែលរកឃើញនោះត្រូវបានដឹកយកទៅទុកនៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត រីឯម្ចាស់អ្នកដែលទទួលទិញរបស់ចារកម្មគ្រឿងសិង្ហារឹមនោះបើតាមច្បាប់ត្រូវមានទោស ឥឡូវនេះគ្រាន់តែហៅយកទៅធ្វើការសួរនាំ រួចនិងចាត់ការទៅតាមនិតិវីផ្លូវច្បាប់បន្ត ៕ មាស សុផាត


ចែករំលែក៖