ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖
«ថ្ងៃនេះ២៤កុម្ភះជាខួបលើកទី៣៩ឆ្នាំនៃថ្ងៃជួបជុំឡើងវិញរវាងខ្ញុំជាមួយរ៉ានីភរិយាខ្ញុំ(២៤កម្ភះ១៩៧៩.២៤កុម្ភះ២០១៨)។ នេះជាថ្ងៃបញ្ចប់នូវទុក្ខសោកនៃស្ថានភាពទុក្ខស្រីប្តីព្រាត់ និងស្ថានភាពស្វាមីព្រាត់ភរិយា ឬនិយាយមួយបែបទៀតគឺការបញ្ចប់ស្ថានភាពខ្ញុំជាបុរសពោះម៉ាយ ឯ រ៉ានី ក៍បានបញ្ចប់ស្ថានភាពជាស្ត្រីមេម៉ាយកូនមួយដែរ។
តាំងពីរាត្រីថ្ងៃ២០មិថុនា១៩៧៧មក ខ្ញុំមិនដែលទទួលព័ត៌មានពីភរិយាខ្ញុំថារស់ឬស្លាប់នោះទេគឺគ្មានដំណឹងតែម្តង។ទឹកភ្នែកខ្ញុំហូរចេញមករាប់លានដំណក់ជាមួយការឈឺចាប់ដែលមិនអាចសរសេរ ឬនិយាយឱ្យអស់សេចក្តីបាន។
ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ដោយរកពុំឃើញទាំងនៅផ្ទះខាងឪពុកម្តាយក្មេក និងផ្ទះខាងឪពុកម្តាយខ្ញុំធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ដើម្បីសុវត្តិភាព និងដើម្បីក្រពះរ៉ានី និងក្រុមគ្រួសារបានមកដើររើសគួស្រូវនៅស្រុកត្បូងឃ្មុំដោយយករទេះគោធ្វើជាផ្ទះដេកតាមវាលស្រែ។ ពេលនោះ រ៉ានីមានឈ្មោះជាភរិយារដ្ឋមន្ត្រីក្រសួងការបរទេសហើយ ឯ ម៉ាណែត ក៍មានឈាមជាកូនរដ្ឋមន្ត្រីដែរ តែគេទាំង២នាក់ម្តាយកូនសុខចិត្តដេកតាមវាលស្រែ ម៉ាណែត វាលេងតាមភ្លឺស្រែរស់នៅដោយលាក់ប្រវត្តិដើម្បីធានាសុវត្តិភាពក្នុងពេលសភាពការណ៍នៅច្របូកច្របល់នៅឡើយ។ ឯខ្ញុំវិញឃើញថ្នាក់ដឹកនាំផ្សេងទៀតជួបជុំគ្រួសារចូលរួមអបអរសាទតែខ្លួនឯងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម និងក្រៀមក្រំជានិច្ច។ ល្ងាចថ្ងៃ២៤កុម្ភះ១៩៧៩ រ៉ានីនាំកូនមកដល់ផ្ទះដែលបានបញ្ចប់នូវស្ថានភាពព្រាត់ហើយជួបនិងជួបហើយព្រាត់ក្រោយរៀបការថ្ងៃ៥មករា១៩៧៦។ អ្វីដែលចងចាំជាងគេគឺ ម៉ាណែត ហៅខ្ញុំថាពូរយះពេល២ខែហើយគេតែងដេញខ្ញុំចេញមិនឱ្យទៅជិតម្តាយរបស់គេ។
រឿងរបស់ខ្ញុំគ្រាន់តែជារឿងតូចមួយនៃរឿងរ៉ាវដែលបានកើតឡើងចំពោះប្រជាជនកម្ពុជានាសម័យរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលមកដល់ពេលនេះមនុស្សស្ទើរគ្រប់ក្រុមគ្រួសារបាននិរាសព្រាត់ប្រាស់ដែលគ្មានពេលបានជួបជុំឡើងវិញផង។ នេះហើយគឺជាមូលហេតុដែលខ្ញុំប្ដូរប្តេជ្ញរក្សាសន្តិភាពឱ្យខានតែបាន»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ