ភ្នំពេញ៖ ពិធីករ និងជាអ្នកផលិតកម្មវិធី«កុនខ្ញុំ» របស់ទូរទស្សន៍ជាតិកម្ពុជាបានសម្រេចចូលរោងការហើយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយភរិយារូបស្រស់ដែលអណិកជនអាមេរិក ។ លោកនៅមិនទាន់ច្បាស់ក្នុងគម្រោងបញ្ចប់ការងារសិល្បៈនៅពេលណានៅឡើយ ប៉ុន្តែលោកក៏មានបំណងចេញទៅរស់នៅជាមួយភរិយាដែរ។
លោក សុខ សំណាង បញ្ជាក់ថាភរិយាលោកឈ្មោះ “គ្រីស្ទី សុទ្ធ” នាងគឺជាគិលាននុបដ្ឋាយិការហើយនាងគ្រាន់តែជាអ្នកធម្មតាប៉ុណ្ណោះ មិនដូចការចុះផ្សាយ ឬ ពាក្យចាមអារាមថារៀបការជាមួយកូនស្រីរបស់អ្នកសេដ្ឋីនៅអាមេរិកនោះទេ។ លោកបញ្ជាក់ថាលោកនិងគូស្នេហ៍ ស្គាល់គ្នារយៈពេលបីឆ្នាំមកហើយ តាំងពីឆ្នាំ២០១៣មកម៉្លេះ ប៉ុន្តែចាប់ផ្តើមស្រលាញ់ខ្លាំងនិងយល់ចិត្តគ្នាចាប់តាំងពីដើមឆ្នាំ២០១៧។ពិធីករដ៏សង្ហាររូបនេះបានបញ្ជាក់ថា បន្ទាប់ពីស្រលាញ់គ្នាខ្លាំងនិងទទួលការយល់ព្រមពីចាស់ទុំលោកនិងគូស្នេហ៍បានភ្ជាប់ពាក្យកាលជិតចុងឆ្នាំ២០១៧ ។ ពិធីករវ័យ៣៦ឆ្នាំរូបនេះបញ្ជាក់ថាកម្មវិធីមង្គលការលោកអញ្ជើញភ្ញៀវមិនច្រើនទេព្រោះតែខាងភរិយានៅអាមេរិកញឺមានប្រមាណ៤០តុហើយក្រោយពីរៀបការរួចលោកមានបំណងចង់បានកូនភ្លាម និងចង់ទៅក្រេបទឹកឃ្មុំនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
អ្នកនាង គ្រីស្ទី សុទ្ធ ដែលមានវ័យ៣១ឆ្នាំ បានបញ្ជាក់ថា នាងស្គាល់គូស្នេហ៍តាមការទស្សនាទូរទស្សន៍ហើយចាប់អារម្មណ៍ខ្លាំងនឹងទឹកដមសំឡេង និងអត្តចរិក ហើយក៏បានភ្ជាប់ទំនាក់ទំនងតាមហ្វេសប៊ុកនឹងគ្នា។អ្នកនាងថានាងមានឪពុកម្តាយជាជនជាតិខ្មែរ ហើយនាងបានកើតនៅប្រទេសថៃមុនពេលចេញទៅរស់នៅសហរដ្ឋអាមេរិក ហើយនាងធំធាត់នៅទីនោះ និងអាចនិយាយភាសាខ្មែរបានច្រើនព្រោះជាទម្លាប់របស់នាងនៅទីនោះដើម្បីទំនាក់ទំនងក្នុងគ្រួសារ។ ក្រោយរៀបការនាងគ្រោងរៀបចំសំណុំឯកសារមួយចំនួនដើម្បីធានាស្វាមីចេញទៅរស់នៅទីនោះ ហើយនាងថាអាចនឹងត្រូវចំណាយពេលប្រមាណជាងមួយឆ្នាំ។ នាងថាក្រោយរៀបការនាងចង់សាងសុភមង្គលមួយជាមួយស្វាមីនិងចង់បានកូនភ្លាមព្រោះវ័យនាងនិងស្វាមីក៏ច្រើនគួរសមហើយដែរ៕ វឌ្ឍនា