ខេត្តកំពង់ធំ៖ ម្តាយគ្រប់រូប តែងតែថ្នាក់ថ្នមបំបោសអង្អែលកូនៗជាទីស្រឡាញ់ ចង់ឲ្យល្អឲ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ដើម្បីអនាគត តែកូនតិរច្ឆាននេះ បែរជាតបស្នងសងគុណម្តាយរបស់ខ្លួនដោយយកចបជីក មកសំពងក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗទៅវិញ ។
ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងកាលវេលាម៉ោង១៨ ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណផ្ទះជនរងគ្រោះ និងជនសង្ស័យ ស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្ត្រីរងគ្រោះឈ្មោះជា ឃីម ត្រូវជាម្តាយបង្កើតនៃជនសង្ស័យអាយុ៦២(ស្លាប់) ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះនៅ វិន ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ ឈ្មោះឌុច ផៃ ភេទស្រី អាយុ៥១ឆ្នាំ និងងសាក្សីម្នាក់ទៀតឈ្មោះ កៅ បុល ភេទប្រុស អាយុ២៨ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះដែលត្រូវជាម្តាយជនសង្ស័យ យកគោរមកចងក្នុងបរិវេណផ្ទះ ស្រាប់តែកូនអប្រិយ៍ យកចបជីកដែលមានដងដែកទីប មកវាយម្តាយ តែម្តាយយកដៃរងបណ្តាលឲ្យបាក់ដៃខាងស្តាំ ហើយលុតជង្គង់ដួលផ្កាប់មុខ បន្ទាប់មក កូនតិរច្ឆានរូបនេះ ក៏យកដងចបមកសំពងក្បាលម្តាយប៉ែកខាងក្រោយ ៣ទៅ៤ដងចប បណ្តាលឲ្យស្លាប់ភ្លាមៗ ។
ក្នុងករណីនេះ អ្នកជិតខាងដែលត្រូវជាក្មួយ ជាប្អូនរត់មកជួយដែរ តែជួយមិនទាន់។
លោក ថោង សំភាច នាយប៉ុស្តិ៍នគរបាលឃុំកំពង់ថ្ម បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីកន្លែងកើតថា មានករណីឃាតកម្ម លោកបានបញ្ជាកម្លាំងរបស់លោក និងកម្លាំងប្រជាការពារភូមិ ចុះឃាត់ជនសង្ស័យបានភ្លាមៗ ។
បច្ចុប្បន្នប៉ូលិសព្រហ្មទណ្ឌស្រុកសន្ទុកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី