ខេត្តកំពង់ធំ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានសហការ ជាមួយក្រុម រថយន្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន ៩តាមដេប៉ូ និងស្ថានីយនានាក្នុងខេត្ត បានរកឃើញ ដេប៉ូ៦ និងស្ថានីយ លក់មិនគ្រប់លីត្រ ខុសស្តង់ដារ និងគ្មានគុណភាព។
មន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងសាខាកាំកុងត្រូលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងនានាក្នុងខេត្ត ដោយបានពិនិត្យ ៩ស្ថានីយ ហើយមាន ៦ដេប៉ូ និងស្ថានីយមិនត្រឹមត្រូវ ដែលក្នុងនោះ ៤ស្ថានីយខុសបរិមាណ និង២ស្ថានីយទៀតខុសគុណភាព និងបរិមាណ។
ក្រុមការងារបានឲ្យម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើកិច្ចសន្យាជាលើកទីមួយ ឲ្យកែប្រែបរិមាណគុណភាព។
លោក លៀងសុភា បានផ្ដល់បទសម្ភាសតាម ទូស័ព្ទថា លោកពិតជាបានរកឃើញឌឺប៉ូមួយចំនួន មានភាពមិនប្រក្រតីពិតមែន តែលោកនៅមិនទាន់បង្ហាញ ទីតាំងឌឺប៉ូទាំងនោះទេ ទុកឪកាស ឲ្យម្ចាស់ដេប៉ូទាំងនោះកែខ្លួន និងធ្វើកិច្ចសន្យា រៀបចំឲ្យមានភាពត្រឹមត្រូវឡើងវិញ តែករណីរកឃើញភាពមិនប្រក្រតីលើកក្រោយទៀត និងអាចប្រឈមមុខនឹងបិទដេប៉ូ និង ដកអាជ្ញាប័ណ្ណមិនឲ្យធ្វើអាជីវកម្ម ៕ ប៊ុន រិទ្ធី