ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរស់ នៅតាមតំបន់ព្រំដែនក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យបានឲ្យដឹងថា បច្ចុប្បន្ននៅតែមានពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ឈើ គ្រញូងយកមកលក់ឲ្យឈ្មួញ ដែលរង់ចាំ ទិញតាមព្រំដែនយ៉ាងពេញបន្ទុកដដែល។
ប្រជាពលរដ្ឋបានរិះគន់ថា លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឧត្ដរមានជ័យ មិនយកចិត្តទុកដាក់បង្ក្រាបឈ្មួញឈើគ្រញូងឈ្មោះ គឹម ប្រុស និង ឈ្មោះ ហង្ស ដែលនៅតែកៀរគរប្រជា ពលរដ្ឋឲ្យចូលកាប់ឈើគ្រញូងលើទឹកដីថៃយកមកលក់ឲ្យពួកគេនោះទេ។ ប្រភព ខ្លះបានឲ្យដឹងថា ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទើបជំនួញឈើគ្រញូងខុស ច្បាប់នៅតែកើតឡើងយ៉ាងរាលដាលក្នុងខេត្តឧត្ដរមានជ័យ។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ឈ្មួញឈើវ័យក្មេង២នាក់ ឈ្មោះ គឹម ប្រុស និងឈ្មោះ ហង្ស នៅតែធ្វើសកម្មភាពកៀរគរឲ្យប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីថៃយកមកលក់ឲ្យពួកគេដូចកាលពីមុនដដែល។ សមត្ថកិច្ចការពារព្រំដែនទាំងនគរបាល ទាំងយោធា មិនចាត់វិធានការ សកម្មភាពយ៉ាងគឃ្លើនរបស់ឈ្មួញឈ្មោះ គឹម ប្រុស និងឈ្មួញឈ្មោះ ហង្ស នោះទេ ហើយពួកគេរង់ចាំទទួលផលប្រយោជន៍យ៉ាងសុខស្រួល។ បញ្ហានេះ គឺជារឿង ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះមន្ត្រីរដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ចក្នុងខេត្តឧត្ដរមានជ័យ មិនចាត់វិធានការទប់ស្កាត់ជំនួញឈើគ្រញូងខុសច្បាប់តាមព្រំដែនក្នុងស្រុក ត្រពាំងប្រាសាទនោះឡើយ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំង ប្រាសាទ បានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ គឹម ប្រុស គឺជាអ្នករត់ការបង់លុយកាក់ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ច នគរបាល សមត្ថកិច្ចយោធាដែលឈរជើងតាមព្រំដែន។ ចំណែកឈ្មួញឈ្មោះ ហង្ស ជាអ្នកប្រមូលប្រជាពលរដ្ឋឲ្យឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីសៀមយកមកលក់ឲ្យពួកគេ ហើយឈ្មួញទាំង២នាក់នេះរស់នៅក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំអូរស្វាយបានអះអាងថា ឈ្មួញវ័យ ក្មេងឈ្មោះ គឹម ប្រុស និងឈ្មោះ ហង្ស នៅតែរកស៊ីជួញដូរឈើគ្រញូងយ៉ាងពេញបន្ទុកដដែល ហើយមិនទាន់ឃើញមាន មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹង ទៀតថា ការណ៍ដែលឈ្មួញទាំង២នាក់នេះ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារពួកគេមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលាទើបពួកគេអាចបន្តជួញដូរឈើគ្រញូងយ៉ាងរលូនគ្មានញញើតអ្វីទាំង អស់៕ ប៉ែននួន