ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេ បានសម្ពោធគម្រោងបណ្តុះបណ្តាលជាងសំណង់ ដែលជាគំនិតផ្តួចផ្តើមមួយ មានគោលបំណងពង្រឹងជំនាញរបស់ជាងសំណង់ទាំងអស់ ក៏ដូចជាលើកកម្ពស់គុណភាពសំណង់ក្នុងប្រទេសកម្ពុជា។
ក្នុងការសម្ភោធនៃគម្រោងនេះ ក្រុមហ៊ុនអេសស៊ីជី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈធំចំនួន ២ របស់ប្រទេសកម្ពុជា គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) ដែលការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបង្ហាញពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នា និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ស្ដីពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវផលិតផល និងសម្ភារសំណង់ទំនើបថ្មីៗ។
លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនអេសស៊ីជី មានប្រតិបត្តិការជាយូរមកហើយក្នុងប្រទេសកម្ពុជា ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេ ដែលតែងតែគិតគូរពីទំនួលខុសត្រូវសង្គមជានិច្ច។ កម្មវិធីនៅថ្ងៃនេះបង្ហាញថា ក្រុមហ៊ុនអេសស៊ីជី យកចិត្តទុកដាក់ក្នុងការតបស្នងមកសហគមន៍កម្ពុជាវិញ តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ក៏ដូចជាការផ្តោតទៅលើការពង្រឹងសមត្ថភាព និងស្តង់ដាររបស់ជាងសំណង់ តាមរយៈកម្មវិធីបណ្តុះបណ្តាលជាងសំណង់នេះជាដើម”។
លោក បានបន្តទៀតថា៖ “ជាមួយនឹងគម្រោងនេះ យើងមានគោលបំណងចែករំលែកចំណេះដឹង និងជំនាញផ្នែកសំណង់របស់យើង ទៅឲ្យអ្នកដែលពាក់ព័ន្ធក្នុងឧស្សាហកម្មសំណង់នេះ ដូចជាជាងសំណង់ និងជាងផ្សេងៗ ដោយអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកទាំងអស់នោះដោយគ្មានការបង់ប្រាក់កាសអ្វីឡើយ”។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាំងពីរនេះ ក្រុមហ៊ុនអេសស៊ីជី បានធ្វើការជាមួយមជ្ឈមណ្ឌលទាំងពីរ ដើម្បីបង្កើតមេរៀនសម្រាប់កម្មវិធីបណ្ដុះបណ្ដាលផ្នែកសំណង់ ហើយក៏បានសាងបន្ទប់រៀនមួយសម្រាប់ការបណ្ដុះបណ្ដាលនេះផងដែរ។ ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលនោះ សិក្ខាកាមទាំងអស់ នឹងបានសិក្សាជំនាញពាក់ព័ន្ធ និងត្រឹមត្រូវ ដើម្បីអាចយកទៅអនុវត្តបាននៅក្នុងអាជីពជំនាញរបស់ខ្លួន។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺមិនត្រឹមតែលើកកម្ពស់គុណភាពសំណង់ក្នុងប្រទេសកម្ពុជាតែមួយមុខទេ ប៉ុន្តែថែមទាំងជួយបង្កើនសក្ដានុពលក្នុងការរកប្រាក់ចំណូលរបស់សិក្ខាកាមជាជាងសំណង់ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះផងដែរ។
ទន្ទឹមនឹងនេះ ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់ ក៏នឹងទទួលបានគុណប្រយោជន៍ដែរ តាមរយៈគុណភាពសំណង់ និងទឹកដៃរបស់ជាង។ ជាងសំណង់ និងជាងផ្សេងៗទៀតទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានលិខិតបញ្ជាក់នៅពេលបញ្ចប់ការសិក្សា ហើយផលិតផលទាំងអស់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលលើផ្នែកបូកស៊ីម៉ង់ និងប្រក់ដំបូល គឺជាផលិតផលដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនអេសស៊ីជី ក៏ដូចជាផលិតផលស្នូលរបស់ក្រុមហ៊ុន គឺស៊ីម៉ង់ត៍ ខេ-ស៊ីមេន ជាដើម។ កម្មវិធីនេះ ស្វាគមន៍សម្រាប់ជាងសំណង់ណាដែលចាប់អារម្មណ៍ ហើយអាចដាក់ពាក្យបាន ដោយទូរស័ព្ទទៅក្រុមហ៊ុន អេសស៊ីជី (០៩៥-៩៩៩-៥០០) ឬទាក់ទងតាមទំព័រហ្វេសប៊ុករបស់ SCG ដោយវគ្គបណ្ដុះបណ្ដាលនេះពុំតម្រូវឲ្យបង់ថ្លៃសិក្សា ឬថ្លៃដាក់ពាក្យចុះឈ្មោះអ្វីឡើយ។
លោក Pongdhana បានបញ្ជាក់ថា៖ “សម្រាប់ជំហានបន្ទាប់ ក្រុមហ៊ុនអេសស៊ីជី មានបំណងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំការប្រកួតផ្នែកសំណង់ទូទាំងប្រទេស ក្នុងចំណោមជាងសំណង់ ដែលទទួលបានការបណ្តុះបណ្តាល និងទទួលបានលិខិតបញ្ជាក់ការសិក្សាពីកម្មវិធីនេះ។ ការប្រកួតប្រជែងនេះ នឹងធ្វើឡើងនៅតាមបណ្ដាខេត្តនានា ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ ដែលវគ្គផ្ដាច់ព្រ័ត្ររំពឹងថានឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ”៕ វឌ្ឍនា