ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមានចាត់វិធានការឃាត់ផាកពិន័យដល់ប្រជាពលរដ្ឋណាមិនអនុវត្តតាមការណែនាំបោះចោលសំរាមលើទីតាំងដែលអាជ្ញាធរហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចាត់មន្រ្តីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រឈូសឆាយកើបសម្អាតលុបបំបាត់ទីតាំងដេប៉ូសំរាមមួយកន្លែង ស្ថិតនៅផ្លូវផ្សារ ទំនើប AEON MALL 2 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋនាំគ្នាយកសំរាមបោះចោលជាបន្តបន្ទាប់យ៉ាងអនាធិបតេយ្យ ។

បន្ទាប់ពីបានសម្អាតលុបបំបាត់ទីតាំងដេប៉ូសំរាមរួចរាល់ លោកអភិបាលខណ្ឌបានបញ្ជាដាក់កម្លាំងឃ្លាំមើល និងចាត់វិធានការឃាត់ផាកពិន័យដល់បងប្អូនប្រជាពលរដ្ឋណានៅតែបន្តយកសំរាមបោះចោលនៅទីនេះ ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ និងបានដាក់បដាហាមចាក់សំរាមផងដែរ ។

ជាមួយនេះ លោកអភិបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ៕ តុង សីហា


ចែករំលែក៖