ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនយក្ស២គ្រឿងកំពុងទម្លាក់ឥវ៉ាន់នៅម្តុំឈូកទិព្វសង្កាត់ផ្សារដើមគ អភិបាលរាជធានីបញ្ជាឲ្យសមត្ថកិច្ចឃាត់ទុកសិន

ចែករំលែក៖

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រទះឃើញរថយន្តធុនយក្សចំនួន២គ្រឿង ដែលវែងហើយសង្ស័យតទ្រុងខុសលក្ខណបច្ចេកទេស និងមានដឹកទំនិញផងដែរនោះ កំពុងទម្លាក់ឥវ៉ាន់នៅម្តុំឈូកទិព្វ ក៏បានបញ្ជាឲ្យសមត្ថកិច្ចខណ្ឌទួលគោកឃាត់ទុកជាបណ្តោះអាសន្នសិន ។

រថយន្តធុនយក្សចំនួន២គ្រឿងនេះ ត្រូវបានសមត្ថកិច្ចឃាត់ទុកតាមការបញ្ជារបស់អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង១១យប់ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

លោក ជិន រតនៈ អធិការរងខណ្ឌទួលគោកបានឲ្យដឹងថា រថយន្តធុនយក្សចំនួន២គ្រឿងនេះ អភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យចាប់ឃាត់ទុកសិន ព្រោះសង្ស័យតទ្រុងខុសលក្ខណៈបច្ចេកទេស។ លោកអធិការរងដដែលបន្តថា រថយន្តធុនយក្សទាំងពីរគ្រឿងនេះ រក្សាទុកនៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ដើម្បីទុកឲ្យខាងជំនាញសាធារណការ ចុះមកវាស់វែង បើឃើញថា ខុសលក្ខណៈបច្ចេកទេស និងតម្រូវឲ្យកាត់ទ្រុងចេញ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា រថយន្តធុនយក្ស២គ្រឿងនេះ ដឹកទំនិញពីព្រំដែនបាវិត ខេត្តស្វាយរៀង មកទម្លាក់នៅឃ្លាំងម្តុំឈូកទិព្វ និង១គ្រឿងទៀតកំពុងឡើងឥវ៉ាន់ចាបហ៊ួយដឹកចេញខេត្តបន្ទាយមានជ័យ។ ខណៈដែលអភិបាលរាជធានីភ្នំពេញកំពុងធ្វើដំណើរទៅផ្ទះឆ្លងកាត់ក៏ប្រទះឃើញរថយន្តធុនយក្ស២គ្រឿងនេះធំវែង ក៏បញ្ជាឲ្យសមត្ថកិច្ចឃាត់ទុកសិន៕ តាឡឹម

 


ចែករំលែក៖