ព័ត៌មានទាន់ហេតុការណ៍៖

អាលីយ៉ា ត្រូវតែទទួលបានការការពារពីច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយជួបរឿងរ៉ាវជីវិតខ្លោចផ្សា ព្រោះការរងទារុណកម្មទាំងផ្លូវកាយ  និងផ្លូវចិត្តពីបុរសម្នាក់ អាលីយ៉ា បានប្រឹងប្រែងងើបឈរតស៊ូក្នុងជិវិតដោយខិតខំពង្រឹងមុខរបរសមល្មមមួយសម្រាប់ជិវិត ប៉ុន្តែថ្មីៗនេះ នាងនៅតែទទួលរងការប្រមាថមាក់ងាយពីបុរសជនបរទេសម្នាក់រហូតមានការជេរប្រមាថ និងគំរាមប្រើហិង្សា ។ នាងគួរតែទទួលបានការគាំពារយកចិត្តទុកដាក់ និងលើកទឹកចិត្តពីមន្ត្រីមានសមត្ថកិច្ចដើម្បីទទួលបានយុត្តិធម៌ ។
ក្នុងគ្រា ដែល អាលីយ៉ា ប្រឡូកក្នុងអាជីពសិល្បៈកាលពីប៉ុន្មានឆ្នាំមុននាងធ្លាប់បានបង្កើតព្រឹត្តិការណ៍សិល្បៈ  និងស្នាដៃធំៗជាច្រើន ។ ពិសេសនាងធ្លាប់រៀបចំឲ្យមានកម្មវិធីមហោស្រពសិល្បៈ ដែលជួយជ្រោមជ្រែងជីវិតសិល្បករចាស់ជរា  និងជួយដល់ក្មេងកំព្រាជាដើម ។
នាងក៏ធ្លាប់ចូលរួមស្ម័គ្រចិត្តក្នុងការងារសង្គមជាហូរហែរ  ដែលចុងក្រោយគេឃើញនាងបានចូលរួមក្នុងការងារសិល្បៈស្ម័គ្រចិត្តនាងព្រឹត្តិការណ៍អង្គរសង្ក្រាន ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នាខេត្តសៀមរាប ដោយទទួលបានប័ណ្ណសរសើរ លិខិតថ្លែងអំណរគុណពីស្ថាប័នខាងលើផងដែរ ។
បច្ចុប្បន្ននាងកំពុងប្រឈមនឹងការលំបាកមួយក្នុងជីវិតគ្រា ដែលបុរសជនជាតិបារាំងម្នាក់ ដែលមានភរិយាជាជនជាតិខ្មែរបានជេរប្រមាថដោយពាក្យមិនសមរម្យ គំរាមប្រើហិង្សា  និងរំលោភលើកិច្ចសន្យា បណ្តេញនាងចេញពីហាងលក់ដូររបស់នាងយ៉ាងព្រៃផ្សៃ ។ អាលីយ៉ាបញ្ជាក់ថា ពេលនេះ នាងបាត់បង់គ្រប់យ៉ាងពិសេសគឺហាង សម្ភារៈមួយចំនួន ដែលនៅក្នុងហាង  ។
នាងថាបុរសជនជាតិអាល្លឺម៉ង់ម្នាក់ ដែលមានភរិយាជាជនជាតិខ្មែរនោះមិនត្រឹមតែរំលោភកិច្ចសន្យាលើការជួលហាងទេ ថែមទាំងជេរប្រមាថដោយពាក្យសម្តីធ្ងន់ៗ ដែលស្ត្រីទូទៅមិនអាចទទួលយកបាន ។ នាងថា នាងចង់បានត្រឹមយុត្តិធម៌ ដូចនេះច្បាប់ត្រូវតែការពារនាង ពិសេសនាងត្រូវការការលើកទឹកចិត្តមួយដើម្បីបន្តដំណើរជីវិតទៅមុខទៀត ។
នាងថាពេលនេះនាងកំពុងធ្លាក់ខ្លួនឈឺព្រោះតែការបាក់ទឹកចិត្ត  និងមិនមានជម្រកសមរម្យជាដើម ។ តារាស្រីធ្លាប់ល្បីល្បាញ  និងហ៊ឺហារខ្លាំងរូបនេះលើកឡើងថា នាងសម្រេចចិត្តថា នឹងប្តឹងទៅកាន់មន្ត្រីប៉ូលិសព្រហ្មទណ្ឌបុរសបរទេសម្នាក់នោះដើម្បីរកយុត្តិធម៌មួយ ប៉ុន្តែនាងស្នើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ជួយដល់នាងគ្រា ដែលនាងមានត្រឹមតែសម្បកខ្លួន ។
ជាមួយគ្នានេះនាង ក៏ថ្លែងអំណរគុណសម្រាប់ការលើកទឹកចិត្តពីមន្ត្រីថ្នាក់មូលដ្ឋានមួយចំនួន ដែលបានដុតដៃដុតជើងជួយនាងគ្រា ដែលនាងជួបការលំបាកភ្លាមៗ ហើយនាងរំពឹងថា នាងនឹងទទួលបានការគាំពារ លើកទឹកចិត្តបន្តនៅគ្រា ដែលនាងចាំបាច់ត្រូវតែបានយុត្តិធម៌ពីបុរសជនបរទេស ដែលមើលងាយជេប្រមាថមកលើនាងជាស្ត្រីខ្មែរនោះ ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈនេះ អាលីយ៉ា ត្រូវបានបុរសជនបរទេស ដែលជួលហាងលក់ដូរផឹកស៊ីឲ្យនាងបន្តបានប្រើប្រាស់ពាក្យសម្តី ដោយបុរសជនជាតិបារាំងម្នាក់បានប្រើប្រាស់សម្តីមាក់ងាយជេរប្រមាថ និងចង់ប្រើហិង្សាមកលើនាងជាស្ត្រី ៕ វឌ្ឍនា

ចែករំលែក៖