ខេត្តតាកែវ: គួរឲ្យអនិច្ចាណាស់ ដែលរថភ្លើងបានកិនក្បាលបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបុរសនេះ មកមើលគេបូមត្រី ហើយបានដេកកើយផ្លូវរថភ្លើង មិនដឹងថារថយន្តបើកឆ្លងកាត់។
ហេតុការណ៍រថភ្លើងកិនក្បាលមនុស្សស្លាប់នេះកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ សៅរ៍ ២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ ៣៧-៣៨ ក្នុងភូមិបាក់រនាស់ ឃុំសំរោង ស្រុកបាទី ខេត្តតាកែវ ពេលរថភ្លើងមកពីក្រុងព្រះសីហនុ ឆ្ពោះទៅរាជថានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស ជា ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ បុរសនេះទើបតែ តែមកលេងផ្ទះបងប្អូននៅភូមិកើតហេតុខាងលើ រួចមិត្តភក្តិបានបបួលគាត់ទៅមើលគេបូមស្រះយកត្រី តែបូមមិនទាន់រីងនៅឡើយទេ។ នៅពេលនោះ ជនរងគ្រោះងងុយដេកពេកក៏ដើរទៅដេកកើយផ្លូវរថភ្លើង លក់មួយភាំង ស្រាប់តែរថភ្លើងមកដល់កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាត្ររថភ្លើងកិនក្បាលស្លាប់ប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី